(តៃប៉ិ)៖ លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានប្តេជ្ញាថា កោះតៃវ៉ាន់នឹងបង្កើនទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ឆ្លើយតបនឹងសមយុទ្ធយោធារបស់ចិន ដែលកំពុងតែប្រព្រឹត្តទៅក្បែរច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។
ការធ្វើសមយុទ្ធយោធារបស់ចិននៅក្បែរច្រកសមុទ្រតៃវ៉ាន់ បានកើតមានឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក ខេត ក្រេច (Keith Krach) បានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃ និងជួបពិភាក្សាជាមួយលោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៉ីងវិន។ នេះជាដំណើរទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់កោះតៃវ៉ាន់ ដែលមិនធ្លាប់កើតមានជាង៤ទសវត្សរ៍មកហើយ។
សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានគូសបញ្ជាក់សម្តីរបស់លោកស្រី ត្សៃ អ៉ីងវិន ក្នុងឱកាសជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថាកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បន្តធ្វើការងាររួមគ្នាទៅមុខទៀត ដើម្បីលើកស្ទួយសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនឹងផ្តល់ផលវិជ្ជមានសម្រាប់តំបន់ទាំងមូល»។
គួរបញ្ជាក់ថា កោះតៃវ៉ាន់បានចាប់ផ្តើមប្រារព្ធទិវាចងចាំចំពោះអតីតប្រធានាធិបតី លី តេងហ៊ុយ (Lee Teng-hui) នៅថ្ងៃសៅរ៍នេះ ដោយលោកត្រូវបានចាត់ទុកជា «បិតាប្រជាធិបតេយ្យរបស់តៃវ៉ាន់»។ ការធ្វើដំណើររបស់អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអាមេរិកលោក Keith Krach មកកាន់កោះតៃវ៉ាន់ គឺដើម្បីចូលរួមកម្មវិធីនៅសៅរ៍នេះ តបតាមការអញ្ជើញរបស់លោកស្រី ត្សៃ៕