(អង់គ្លេស)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បាននិយាយថា «ចក្រភពអង់គ្លេសកំពុងមើលឃើញរលកទីពីរ នៃជំងឺរាតត្បាតសកល COVID-19 ដែលវាជារឿងមិនអាចនឹងចៀសផុតឡើយ»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០។
លោក Johnson បានគូសបញ្ជាក់ថា លោកមិនចង់ចេញវិធានការបិទទ្វារប្រទេសនោះទេ ប៉ុន្តែវិធានការរក្សាគម្លាតសុវត្ថិភាពផ្នែកសង្គម គឺជារឿងចាំបាច់មួយដែលយើងគ្រប់គ្នាត្រូវតែអនុវត្ត។ យ៉ាងណាមិញវិធានការ ០៣យ៉ាងកំពុងតែស្ថិតនៅក្រោមការពិចារណានៅឡើយ ហើយវិធានការទាំងនោះ គឺមានគោលបំណង ដើម្បីជៀសវាងការជាប់គាំងទូទាំងប្រទេស ប៉ុន្តែជាវិធានការដែលអាចបញ្ឈប់ទំនាក់ទំនង ពីផ្ទះមួយទៅផ្ទះមួយបានដែលរួមមាន៖
* វិធានការទី១៖ គឺជាកម្រិតនៃវិធានការដែលយើងកំពុងតែអនុវត្ត នៅតាមតំបន់ភាគច្រើននៃចក្រភពអង់គ្លេសនេះ ជាមួយការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម។
* វិធានការទី២៖ គឺជាការដាក់បំរាមគោចរនៅតាមកន្លែងបដិសណ្ឋារកិច្ច ក៏ដូចជាការហាមឃាត់ការជួបជុំផ្សេងៗផងដែរ នៅឯភាគពាយ័ព្យ នៃចក្រភពអង់គ្លេស។
* វិធានការទី៣៖ គឺជាវិធានការចាក់សោយ៉ាងតឹងរ៉ឹង នៅតាមទីក្រុងធំៗនៃចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា កំណត់ហេតុនៃការប្រជុំពីវិធានការណ៍ទាំង 0៣យ៉ាងខាងលើនេះ គឺត្រូវបានពិភាក្សា និងចែករំលែកជាមួយបណ្តាញសារងារព័ត៌មាន BBC ដោយបានធ្វើការពន្យល់ថា គោលនយោបាយការពាររបស់រដ្ឋាភិបាលអង់គ្លេសខាងលើនេះ កំពុងត្រូវបានពិនិត្យឡើងវិញយ៉ាងសកម្ម ហើយសេចក្តីសម្រេចចិត្តអាចនឹងត្រូវក្រកាសនៅសប្ដាហ៍ក្រោយ ជាមួយវិធានការបន្ទាប់បន្សំបន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់នៅតំបន់ដែលងាយនឹងរងគ្រោះ។
បច្ចុប្បន្នអត្រាឆ្លងប្រចាំថ្ងៃនៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន ជាពិសេសនៅអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើម ត្រូវបានគេមើលឃើញកំពុងស្ទុះងើបឡើងវិញយ៉ាងគំហុក និងគួរឲ្យព្រួយបារម្ភ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ អង់គ្លេសមានករណីឆ្លង COVID-19 សរុបចំនួន ៣៨៥,៩៣៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ៤១,៧៣២នាក់៕