(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មនៃសហរដ្ឋអាមេរិក បានប្រកាសនៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រកាសបិទកម្មវិធីធំៗពីរ ដែលមានប្រភពពីចិននោះគឺ TikTok និង WeChat មិនឲ្យទាញយក (download) នៅសហរដ្ឋអាមេរិកតទៅទៀត ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ខាងមុខនេះតទៅហើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានអាមេរិក CNBC នៅយប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។
សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មរបស់អាមេរិក បានកើតមានឡើងស្របពេលដែលគ្រប់គ្នាកំពុងរំពឹងថា លោក ដូណាល់ ត្រាំ នឹងអាចប្រកាសអំពីការយល់់ព្រម ឬមួយក៏មិនយល់ព្រម ទៅលើកិច្ចព្រមព្រៀងទិញយកភាគហ៊ុនធំរបស់ TikTok ដោយក្រុមហ៊ុន Oracle របស់សហរដ្ឋអាមេរិក។
ទោះជាបែបនេះក្តី គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មរបស់អាមេរិកខាងលើនេះ មានន័យថា វានឹងគ្មានកិច្ចព្រមព្រៀង ត្រូវធ្វើឡើងរវាងក្រុមហ៊ុនទាំងពីរ ដែរឬមួយក៏យ៉ាងណានោះឡើយ៕