(បាងកក)៖ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះតែម្ដង អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ពីករណីស្លាប់ដោយសារជំងឺរាតត្បាតសកល COVID-19 លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាង ១០០ថ្ងៃ បន្ទាប់ពីបុរសជនជាតិថៃម្នាក់ ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 បានវិលត្រឡប់មកពីបរទេសវិញ កាលពីដើមខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA។
បើតាមអាជ្ញាធរសុខាភិបាលថៃ បុរសខាងលើនេះមានអាយុ ៥៤ឆ្នាំ ជាអ្នកបកប្រែនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) ដែលបម្រើការងារឲ្យក្រសួងការងារថៃ បានបាត់បង់ជីវិតនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានទទួលការព្យាបាលអស់រយៈពេល ០២សប្ដាហ៍នៅឯមន្ទីរពេទ្យបាងកក។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបជាង ៣.៤ពាន់ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៥០នាក់ និងជាសះស្បើយជាង ៣.៣ពាន់នាក់៕