(ម៉ាឌីវ)៖ មជ្ឈមណ្ឌលប្រតិបត្ដិការបន្ទាន់ផ្នែកសុខភាព នៃប្រទេសម៉ាល់ឌីវ (HEOC) បានជំរុញឲ្យពលរដ្ឋរាយការណ៍អំពីការប្រមូលផ្តុំ ដែលរំលោភបទបញ្ជានៃអាជ្ញាធរសុខាភិបាល ដើម្បីការពារការចម្លងជំងឺ COVID-19 ខណៈដែលករណីឆ្លងបានកើតឡើងជិតដល់ ៩,៥០០ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។
អ្នកជំនាញផ្នែកជំងឺឆ្លង លោកវេជ្ជបណ្ឌិត អ៉ីប្រាហ៊ីម អាហ្វហ្សាល់ (Ibrahim Afzal) បានព្រមាននឹងចាត់វិធានការបន្ថែម លើបុគ្គលទាំងឡាយណាដែលរំលោភបទបញ្ជាសុខាភិបាល ដែលមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំច្រើនជាង ០៥នាក់នៅតាមទីសាធារណៈ ដើម្បីគ្រប់គ្រងការឆ្លងរីករាលនៃជំងឺរាតត្បាត COVID-19។ លោកវេជ្ជបណ្ឌិតរូបនេះ ក៍បានសង្កត់ធ្ងន់ដែរថា វីរុសនេះនឹងមិនអាចគ្រប់គ្រងបានឡើយ ប្រើសិនបើពលរដ្ឋគ្រប់គ្នាមិនអនុវត្តតាម គោលការណ៍សុខភាពសាធារណៈ ដែលអាជ្ញាធរបានដាក់ចេញ។
យោងតាមទីភ្នាក់ងារការពារសុខភាព (HPA) បានបញ្ជាក់ថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៦៧ករណីបន្ថែមទៀតត្រូវបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងនោះ ៤៤ករណីជាប្រជាជនក្នុងស្រុក និង ២៣ករណីទៀតជាជនបរទេស ដែលបាននាំឲ្យករណីឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៩,៤៩៤ ករណីក្នុងនោះ ៨,០៣៣ បានជាសះស្បើយឡើងវិញ និង ៣៣នាក់បានស្លាប់។
បច្ចុប្បន្នប្រទេសម៉ាល់ឌីវ ដែលជាប្រជុំកោះដ៏តូចនៅក្នុមហាសមុទ្រឥណ្ឌា មានករណីសកម្មសរុបចំនួន ១,២២២ករណី ដែលគ្របដណ្តប់លើកោះទាំង ២០ និងតំបន់កម្សាន្តចំនួន ២៩កន្លែង។ នៅចំពោះមុខការកើនឡើង នៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ ក្រសួងអប់រំម៉ាល់ឌីវបានប្រកាសថា សាលារៀននានានៅតំបន់ជុំវិញទីក្រុង ម៉ាល់ (Male) នឹងនៅតែបន្តបិទទ្វាររយៈពេល ២សប្តាហ៍បន្ថែមទៀត ដែលដំបូងឡើយត្រូវបើកទ្វារឡើងវិញ នៅសប្តាហ៍ក្រោយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ទោះបីជាសាលារៀននៅតែបន្តបិទទ្វារក៏ដោយ ក៏ថ្នាក់រៀនតាមអ៉ីនធើណិត នៅតែបន្តបង្រៀនសិស្សជាធម្មតា៕