(តូក្យូ)៖ រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានទទួលការគាំទ្រជារួមយ៉ាងហោចណាស់ ៧០% នៅក្នុងការស្ទង់មតិថ្មីមួយ ដែលបានធ្វើឡើងនៅថ្ងៃដំបូង នៃការចូលកាន់តំណែងរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈការស្ទង់មតិតាមទូរស័ព្ទរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូ (Kyodo) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបង្ហាញថា ៦៦.៤ភាគរយ នៃសាធារណជនបានគាំទ្រគណៈរដ្ឋមន្ត្រីថ្មីរបស់លោក Suga។ ទន្ទឹងគ្នានេះ យោងតាមការស្ទង់មតិ ដាច់ដោយឡែកមួយរបស់កាសែត Nikkei និងទូរទស្សន៍ជប៉ុន លោក Suga បានទទួលការគាំទ្រ ៧៤ភាគរយ ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទីបី សម្រាប់គណៈរដ្ឋមន្ត្រី នៅក្នុងប្រវត្តិសាស្រ្តនៃការស្ទង់មតិរបស់ជប៉ុន ជាមួយនឹងអ្នកចូលរួមភាគច្រើន បានផ្តល់ការឆ្លើយតបយ៉ាងវិជ្ជមាន ដោយបានលើកឡើងថា លោក Suga ជាមនុស្សដែលគួរឲ្យទុកចិត្ត។
លោក Suga បានក្លាយជានាយករដ្ឋមន្ត្រីថ្មីដំបូងរបស់ប្រទេសជប៉ុន ក្នុងរយៈពេលជិត ៨ឆ្នាំ កាលពីថ្ងៃពុធសប្តាហ៍នេះបានប្តេជ្ញាថា រដ្ឋាភិបាលថ្មីរបស់លោកនឹងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺរាតត្បាតសកល COVID-19 និងជំរុញឲ្យមានកំណែទម្រង់ថ្មី បន្ទាប់ពីលោកអាចរក្សាបាន ប្រហែលជាពាក់កណ្តាល នៃមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីចាស់របស់លោក អាបេ ស៊ីនហ្សូ។
នៅពេលដែលសួរពីការរំលាយសភាជាន់ទាប ៥៥.១ ភាគរយ នៃអ្នកចូលរួមក្នុងការស្ទង់មតិបាននិយាយថា ពួកគេចង់ឲ្យមានការបោះឆ្នោតឆាប់ៗនេះ ឬនៅចុងបញ្ចប់នៃអាណត្តិបច្ចុប្បន្ន ដែលនឹងដំណើរការរហូតដល់ខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ថា លោក Suga ត្រូវបានគេសង្ស័យថា អាចនឹងទាញយកអត្ថប្រយោជន៍ពីការគាំទ្រយ៉ាងខ្លាំង ដែលបង្ហាញតាមការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលដែលលោកឡើងកាន់តំណែងជាផ្លូវការ ដើម្បីអនុញ្ញាតឲ្យមានការបោះឆ្នោតបន្ទាន់ (Snap Election)
ដើម្បីពង្រឹងការក្តោបក្តាប់អំណាចរបស់លោក។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Suga បានគូសបញ្ជាក់ថា អ្វីដែលជនជាតិជប៉ុនចង់បានបំផុតនោះ គឺទប់ទល់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ជាពិសេសចាប់ផ្តើមស្រោចស្រង់សេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិ COVID-19។ លោក Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជារឿងដំបូងដែលខ្ញុំចង់ធ្វើ ជាមួយគណៈរដ្ឋមន្ត្រីថ្មីរបស់ខ្ញុំ៕