(ញូយ៉ក)៖ កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក អេរិក (Eric) នឹងស្ម័គ្រចិត្តទទួលការសាកសួរ ដែលជាប់ទាក់ទងទៅនឹងការស៊ើបអង្កេតមួយរបស់អគ្គរដ្ឋអាជ្ញាញូយ៉ក ជុំវិញការចោទប្រកាន់ឪពុករបស់លោក ពីបទបំផ្លើសទ្រព្យសម្បត្តិ ដើម្បីទទួលបានប្រាក់កម្ចី និងអត្ថប្រយោជន៍ពន្ធ ប្រសិនបើវាអាចពន្យារពេល រហូតដល់បោះឆ្នោះហើយ។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងពាក្យបណ្តឹងរបស់តុលាការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបញ្ជាក់ពីសវនាការគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនៅតុលាការសង្កាត់មែនហាត់ធិន (Manhattan) ទីក្រុងញូយ៉ក មេធាវីរបស់លោក Eric Trump បានបដិសេធថា «កាលវិភាគធ្វើដំណើរពិតជាមិនសមរម្យ និងមិនអាចទទួលយកបាន ហើយអ្វីដែលសំខាន់នោះ គឺចៀសវាងនូវការលេចចេញនយោបាយណាមួយ នៃដំណើរការស៊ើបអង្កេតនេះផងដែរ ដែលវាត្រូវតែពន្យារពេលរហូតដល់បោះឆ្នោតហើយ ដោយពួកគេបានស្នើសុំនូវកាលបរិច្ឆេទថ្មី ចំនួនបួនសម្រាប់លោក Eric Trump ដែលត្រូវទៅចូលរួមទទួលការសួរចម្លើយ នៅក្នុងការស៊ើបអង្កេតស៊ីវិលនេះ ដែលកាលបរិច្ឆេទនោះ នឹងចាប់ផ្ដើមពីថ្ងៃទី១៩ ខែវិច្ឆិការខាងមុខនេះវិញ ថែមទាំងបានគូសបញ្ជាក់យ៉ាងដូច្នេះថា លោក Eric Trump នឹងនៅតែបន្តការស្ម័គ្រចិត្តបង្ហាញខ្លួន ដោយអនុលោមទៅតាមដីកាកោះរបស់តុលាការ»

អ្នកនាំពាក្យអគ្គរដ្ឋអាជ្ញាញ៉ូយ៉ក លោកស្រី ឡេទីត្យា ចេមស៍ (Letitia James) កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ បានចោទប្រកាន់អង្គការ ត្រាំ (Trump Organization) ដែលមានលោក Eric Trump ជាអនុប្រធានប្រតិបត្តិ បានប្រឆាំងនឹងដីកាកោះហៅរបស់តុលាការ ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរបស់លោកស្រីជុំវិញ «ការក្លែងបន្លំ ឬទង្វើបំពានច្បាប់»។

អគ្គរដ្ឋអាជ្ញាញ៉ូយ៉ក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការស៊ើបអង្កេតរបស់លោកស្រី បានចាប់ផ្តើមបន្ទាប់ពីអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ដូណាល់ ត្រាំ គឺលោក ម៉ៃខឺល ខូហិន (Michael Cohen) បានប្រាប់សភាអាមេរិកថា របាយការណ៍ហិរញ្ញវត្ថុរបស់ប្រធានាធិបតី បានបំប៉ោងតម្លៃទ្រព្យសម្បត្តិមួយចំនួន ដើម្បីទទួលបានប្រាក់កម្ចី និងធានារ៉ាប់រង ថែមទាំងបានបញ្ចុះតម្លៃទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីកាត់បន្ថយពន្ធអចលនទ្រព្យផងដែរ»

គួរបញ្ជាក់ថា អចលនទ្រព្យចំនួន ០៤ របស់លោក ដូណាល់ ត្រាំ កំពុងត្រូវបានស្ថិតក្រោមការស៊ើបអង្កេតនេះមានដូចជា Seven Springs Estate, 40 Wall Street, Trump International Hotel & Tower, និង Trump National Golf Club៕