(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃសុក្រនេះ បានសម្រេចចាត់វិធានការបន្ទាន់ ដោយតម្រូវឲ្យផ្អាកការនាំចូលទំនិញគ្រឿងសមុទ្រ ពីក្រុមហ៊ុននៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមន្ត្រីជំនាញសុខាភិបាលចិនបានរកឃើញថា ទំនិញទាំងនោះមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។
ការចាត់វិធានការរបស់អាជ្ញាធរចិនខាងលើនេះ គឺនឹងត្រូវលើកលែងចំពោះតែផលិតផលណា ដែលត្រូវបានត្រួតពិនិត្យឡើងវិញ និងផ្តល់អាជ្ញាប័ណ្ណផ្នែកសុវត្ថិភាពប៉ុណ្ណោះ។ អាជ្ញាធរចិនបានអះអាង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះថា គ្រឿងសមុទ្របង្កកមួយចំនួនត្រូវបានហែកកញ្ចប់ និងធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណា ដែលមានប្រភពមកពីប្រទេសឥណ្ឌូណេស៊ី។
បើតាមអាជ្ញាធរពាក់ព័ន្ធរបស់ចិន ការផ្អាកនេះនឹងមានរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃសុក្រ ទី១៨ ខែកញ្ញានេះតទៅ។ កាលពីដើមសប្តាហ៍នេះ ចិនក៏បានសម្រេចផ្អាកការនាំចូលទំនិញបសុបក្សី (មាន់ និងស៊ុត) ពីក្រុមហ៊ុនធំមួយនៅអាមេរិកផងដែរ ក្រោយពីមានសេចក្តីរាយការណ៍ថា កម្មករធ្វើការក្នុងកសិដ្ឋាន ឬរោងចក្រនៃក្រុមហ៊ុននៅទីនោះ បានឆ្លងជំងឺ COVID-19 ជាបន្តបន្ទាប់៕