(ញូយ៉ក)៖ ប្រធានកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (UN) លោក ដេវីដ ប៊ីស្លី (David Beasley) បានអំពាវនាវឲ្យ កំពូលមហាសេដ្ឋីទូទាំងពិភពលោក ជាពិសេសកំពូលមហាសេដ្ឋីលេខមួយលោក ចេហ្វ បេហ្សូស (Jeff Bezos) ធ្វើការបរិច្ចាគថវិកាជាបន្ទាន់ ដើម្បីជួយសង្គ្រោះមនុស្សជាង ៣០លាននាក់ នៅតាមបណ្តាប្រទេសក្រីក្រមួយចំនួន ជាពិសេសទ្វីបអាហ្វ្រិក ដែលកំពុងរងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០។
លោក David Beasley បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងកិច្ចប្រជុំតាមវីដេអូខុនហ្វ្រិនមួយថា ពិភពលោកទាំងមូលកំពុងប្រឈមមុខ ទៅនឹងវិបត្តិខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរ ហើយមនុស្សយ៉ាងហោចណាស់ ២៧០លាននាក់ កំពុងតែឈានទៅរកការខ្វះខាតអាហារសម្រាប់បរិភោគ នៅប៉ុន្មានឆ្នាំខាងមុខទៀត ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានគណនារួចហើយថា មនុស្សយ៉ាងហោចណាស់ ១៣៨លាននាក់ នឹងប្រឈមមុខគ្រោះទុរភិក្ស។
ប្រធាន WFP បានបន្តទៀតថា «បច្ចុប្បន្នកាលនេះ យើងត្រូវការជំនួយ ៤.៩ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះមនុស្ស ៣០លាននាក់ ដែលកំពុងប្រឈមមុខសេចក្តីស្លាប់ ឬនឹងត្រូវស្លាប់ប្រសិនបើ WFP មិនបានទៅសង្គ្រោះពួកគេឲ្យទាន់ពេលនោះ»។
គួរបញ្ជាក់ថា កំពូលមហាសេដ្ឋី (Billionaire) លើលោកមានជាង ២,០០០នាក់ជាមួយនឹងទឹកប្រាក់សរុបជាង ៨ទ្រីលានដុល្លារ ហើយក្នុងនោះ កំពូលមហាសេដ្ឋីមួយចំនួន នៅតែអាចរកប្រាក់ចំណេញបានរាប់ពាន់លានដុល្លារ បើទោះបីជាពិភពលោកកំពុងរងគ្រោះ ដោយសារជំងឺរាតត្បាតសកល COVID-19 ក៏ដោយ។ នេះបើតាមការសង្កត់ធ្ងន់ចុងក្រោយពីលោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP)៕