(ប៉េកាំង)៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនបានបន្តមានសន្ទុះកាន់តែខ្លាំងក្នុងខែសីហាកន្លងទៅ ក្រោយវិស័យលក់រាយនៅក្នុងប្រទេសចិន​ទទួលបាន​កំណើននៃការលក់ជាលើកដំបូងឡើងវិញ ក្រោយរងប៉ះពាល់ពីវិបត្តិ COVID-19 បូករួមជាមួយសន្ទុះនៃទិន្នផលឧស្សាហកម្ម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា វិស័យលក់រាយនៅក្នុងស្រុកបានកើនឡើង ០.៥ភាគរយក្នុងខែសីហា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ខណៈទិន្នផលឧស្សាហកម្មបានកើនឡើង ៥.៦ភាគរយក្នុងខែដដែល។ ដោយឡែកកំឡុងពេល៨ខែដំបូង នៃឆ្នាំ២០២០នេះ វិស័យលក់រាយបានធ្លាក់ចុះ៨.៦ភាគរយ ធៀបនឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៩ ចំណែកឯទិន្នផលឧស្សាហកម្ម​បានកើនឡើង ០.៤ភាគរយ ដែលជាការកើនឡើងលើកដំបូងនៅក្នុងឆ្នាំនេះ។

សេដ្ឋកិច្ចចិនបានចាប់ផ្តើមងើបឡើងវិញពីវិបត្តិ COVID-19 កាលពី ប៉ុន្មានខែកន្លងទៅ ដោយទិន្នផលឧស្សាហកម្មបានលោតឡើងមកវិញ តាមរយៈយុទ្ធសាស្រ្តជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន រួមជាមួយនិងវិស័យនាំចេញដែលខ្លាំងលើសពីការរំពឹងទុករបស់ចិន។ យោងតាម​សេចក្តីថ្លែងការណ៍របស់ NBS សេដ្ឋកិច្ចចិនបានងើបឡើងវិញជាលំដាប់នៅក្នុងខែសីហា ដោយសារផលិតភាព និងសកម្មភាពសេដ្ឋកិច្ច​បានបន្តកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិនចាំបាច់ត្រូវចាត់វិធានការបន្ថែមដើម្បីរក្សាស្ថិរភាពទីផ្សារការងារ, អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការពង្រឹងមូលដ្ឋានគ្រឹះនៃសកម្មភាពសេដ្ឋកិច្ច។

ថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីមួយ ដែលមានគោលដៅជំរុញការប្រើប្រាស់ក្នុងស្រុក និងបង្កើនវឌ្ឍនភាពនៃបច្ចេកវិទ្យាសំខាន់ៗបន្ថែមទៀតនៅក្នុងប្រទេស ចំពោះមុខភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើង ហើយលទ្ធភាពនៃការផ្ទុះខ្លាំងឡើងវិញរបស់វីរុសកូរ៉ូណានៅតែជាក្តីបារម្ភ។

ជាក់ស្តែង ការបន្ធូរបន្ថយបន្តិចម្តងៗ នៃការរឹតត្បិតលើវិស័យសេវាកម្ម ដូចជារោងភាពយន្ត ក៏បានចូលរួមចំណែកជំរុញដល់ការចំណាយរបស់ពលរដ្ឋចិនផងដែរ។ ធនាគារវិនិយោគចម្រុះ និងសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក Morgan Stanley បានប៉ាន់ប្រមាណថា ប្រាក់ចំណូលនៃការលក់សំបុត្រកុននៅក្នុងប្រទេសចិន នឹងវិលរកសភាពធម្មតានៅត្រីមាសទី៤ នៃឆ្នាំ២០២០នេះ។

នៅជុំវិញបញ្ហានេះ លោក Larry Hu ប្រធានផ្នែកសេដ្ឋកិច្ចចិននៃធានាគារ Macquarie Bank Ltd នៅទីក្រុងហុងកុង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា ជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចចិន គោលនយោបាយក៏កំពុងតែឆ្ពោះទៅរកប្រក្រតីភាពវិញ។ លោក Hu បានបន្តថា ប៉ុន្តែវានៅតែលឿនពេកសម្រាប់ការរឹតបន្តឹងគោលនយោបាយឡើងវិញ
ដោយសារតែសេដ្ឋកិច្ចនៅតែមានកំណើនទាបនៅឡើយ។

គួរបញ្ជាក់ថា តាមការអង្កេតជាក់ស្តែង ក្នុងខែសីហាកន្លងទៅនេះ អត្រាអ្នកគ្មានការងារនៅក្នុងប្រទេសចិនបានធ្លាក់ចុះមកត្រឹម ៥.៦ភាគរយ ចំណែកឯទីផ្សារអចលនទ្រព្យនៅតែបន្តកើនឡើង ទោះបីជារដ្ឋាភិបាលរឹតបន្តឹងគោលនយោបាយអចលនទ្រព្យក៏ដោយ។

ទន្ទឹងគ្នានេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យបានកើនឡើង ៣ភាគរយ ក្នុងកំឡុង៨ខែដំបូងនៃឆ្នាំនេះ ចំណែកឯការវិនិយោគរបស់ក្រុមហ៊ុនរដ្ឋបានធ្លាក់ចុះ ៣.២ភាគរយ ក្នុងកំឡុងពេលដូចគ្នា ខណៈដែលការចំណាយរបស់ក្រុមហ៊ុនឯកជនវិញបានធ្លាក់ចុះ ២.៨ភាគរយ ដែលជាលទ្ធផលប្រសើរជាងគេក្នុងឆ្នាំនេះ៕