(ម៉ូស្គូ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសប៉ាគីស្ថានលោក ហ្សាហ៍ មេហ៍មូដ គួរេស៊ី (Shah Mehmood Qureshi) បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានរុស្សី Sputnik ថា ក្រសួងសុខាភិបាលប៉ាគីស្ថានកំពុងពិនិត្យឡើងវិញ នូវការស្នើរបស់រុស្ស៊ីក្នុងការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ដែលមានឈ្មោះថា Sputnik V ព្រមទាំងពិចារណាលើការចូលរួមធ្វើតេស្តវ៉ាក់សាំងនេះ នៅដំណាក់កាលចុងក្រោយថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។
លោក Qureshi បានគូសបញ្ជាក់ បន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្តីក្រសួងការបរទេសរុស្សី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅទីក្រុងម៉ូស្គូយ៉ាងដូច្នេះថា «នេះគឺជាការអភិវឌ្ឍមួយ ហើយយើងក៏ចូលរួមអបអរសាទរ ចំពោះរដ្ឋាភិបាលរុស្ស៊ីផងដែរ ដោយវាជាការចង្អុលបង្ហាញថា ប្រទេសនេះមានជំនាញខ្លាំងក្លាខាងផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ»។
គួរបញ្ជាក់ថា វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីដោយក្រសួងសុខាភិបាលរុស្ស៊ី កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ និងជាវ៉ាក់សាំងដែលបានចុះបញ្ជីទទួលស្គាល់ ដំបូងគេនៅលើពិភពលោក។ បច្ចុប្បន្ននេះវ៉ាក់សាំង Sputnik V កំពុងស្ថិតនៅក្នុងការធ្វើតេស្តដំណាក់កាលទី ៣ និងចុងក្រោយនៅឡើយ ខណៈប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទទួលបាននូវវ៉ាក់សាំងនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 នេះនៅពេលដែលការធ្វើតេស្តដំណាក់កាលចុងក្រោយទទួលបានជោគជ័យ៕