(ម៉ូស្គូ)៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល, អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ដែលនឹងភ្ជាប់ទំនាក់ទំនងការទូត, ពាណិជ្ជកម្ម និងទំនាក់ទំនងលើវិស័យ ដទៃទៀតរវាងប្រទេសទាំង៣ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ទំាង អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន បានអះអាងដូចគ្នាថាការសម្រេចចិត្តឈានដល់កិច្ចព្រមព្រៀងនេះ គឺដើម្បីបុព្វហេតុសន្តិភាពសម្រាប់ប៉ាឡេស្ទីន និងបញ្ឈប់ការធ្វើអាណាគម ក៏ដូចជាការកាត់យកទឹកដីប៉ាឡេស្ទីន ក្នុងតំបន់ West Bank ពីសំណាក់អ៉ីស្រាអែល ព្រមទាំងប្រមូលកម្លាំងប្រឆាំងនឹងឥទ្ធិពលអ៉ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ក៏ប៉ុន្តែ ប៉ាឡេស្ទីន បានចាត់ទុកថាកិច្ចព្រមព្រៀងជាមួយអ៉ីស្រាអែល គឺជា «ទង្វើលួចចាក់ពួកគេពីក្រោយខ្នង» ខណៈតួកគី និងអ៉ីរ៉ង់ ចេញមុខថ្កោលទោស ដោយព្រមានចំៗថាជម្លោះនឹងផ្ទុះឡើង ហើយនឹងបំផ្លាញដល់បុព្វហេតុសន្តិភាពពិតប្រាកដសម្រាប់ប៉ាឡេស្ទីន តែប៉ុណ្ណោះ។
* បញ្ឈប់ការកាត់យកដីប៉ាឡេស្ទីន ក្នុងតំបន់ West Bank?
ដូចគ្នាទៅនឹងអេមីរ៉ាតអារ៉ាប់រួម បារ៉ែន បានបញ្ជាក់ថាការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល គឺធ្វើឡើងដើម្បីបុព្វហេតុសន្តិភាពសម្រាប់ប៉ាឡេស្ទីន និងបញ្ឈប់ ការធ្វើអាណាគម ក៏ដូចជាការកាត់យកទឹកដីប៉ាឡេស្ទីន ក្នុងតំបន់ West Bank ពីសំណាក់អ៉ីស្រាអែល។ បើតាម លោក Hadar Susskind ជានាយកអង្គការ Americans for Peace Now ការធ្វើឱ្យទំនាក់ទំនងរវាងអ៉ីស្រាអែល និងពិភពអារ៉ាប់ត្រឡប់ទៅរកភាពប្រក្រតី វាគឺជារឿងគួរឱ្យស្វាគមន៍ ប៉ុន្តែវាមិនមែនជាមធ្យោបាយដែលធ្វើឱ្យអាណានិគម និងជម្លោះជាមួយប៉ាឡេស្ទីន មានភាពប្រក្រតីនោះទេ។
ជាឧទាហរណ៍ជាក់ស្ដែង ក្រោយឈានដល់កិច្ចព្រមព្រៀងសន្ដិភាពនឹងគ្នា ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប់រួម មហាំម៉ាត់ ប៊ីន ហ្សៃយីត អាល់ ណាហ៊ីយ៉ាន (Mohammed bin Zayed Al Nahyan) បានអះអាងថាអ៉ីស្រាអែលបានយល់ «បញ្ឈប់» ការកាត់យកទឹកដីប៉ាឡេស្ទីន ក្នុងតំបន់ West Bank។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានប្រើពាក្យត្រឹមពាក្យ «ផ្អាកសិន» តែប៉ុណ្ណោះ។ ពោលគឺ គោលនយោបាយកាត់យកដី ឬបញ្ជូនជនជាតិអ៉ីស្រាអែល ឱ្យទៅរស់នៅលើទឹកដីប៉ាឡេស្ទីន នៅតែ មាននៅលើតុដដែល ហើយរឹតតែសំខាន់ នោះគឺថាមិនមានការបញ្ជាក់ឱ្យបានច្បាស់ណាមួយថាតើអ៉ីស្រាអែល យល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីទឹកដីប៉ាឡេស្ទីន ឬក៏យ៉ាងណានោះទេ?
* សត្រូវរួម និងប្រយោជន៍ផ្ទាល់ខ្លួន?
បើតាមលោក មូអ៉ីន រ៉ាប់បានី (Mouin Rabbani) ជាសហនិពន្ធនាយកនៃសារព័ត៌មាន ចាដាលីយ៉ា (Jadaliyya) ប្រទេសបារ៉ែន យល់ព្រមឈានដល់កិច្ចព្រមព្រៀងជាមួយ អ៉ីស្រាអែល ក្រោមការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺដោយសារតែពួកគេយល់ថា អ៉ីរ៉ង់ គឺជា «សត្រូវរួម»។ លោក Rabbani បានបញ្ជាក់ ដូច្នេះថា៖ «សហរដ្ឋអាមេរិក និងអ៉ីសា្រអែល បាននិងកំពុងធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបចោលបញ្ហាប៉ាឡេសី្ទន ចេញពីឆាកអន្តរជាតិ និងនៅក្នុងតំបន់ ហើយប្រែក្លាយពីជម្លោះ រវាង «អារ៉ាប់ និងអ៉ីស្រាអែល» ឱ្យទៅជាជម្លោះរវាង «អ៉ីរ៉ង់ និងអារ៉ាប់» វិញ។
អ្នកជំនាញរូបនេះបន្ថែមថា ខណៈតំបន់មជ្ឈិមបូព៌ានៅតែបន្តចលាចល ហើយឥទ្ធិពលស៊ីអ៉ីតអ៉ីរ៉ង់ កាន់តែរីកធំឡើងដូចជា នៅយ៉េមែន, ស៊ីរី និងលីបង់ជាដើម បារ៉ែន រួមទាំង ប្រទេសអារ៉ាប់ដទៃ គឺចាំបាច់ត្រូវការព័ត៌មានសំងាត់ពីសកម្មភាពរបស់អ៉ីរ៉ង់ ហើយអ្នកដែលចែករំលែកព័ត៌មានសំងាត់ទាំងនេះបានគឺ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។
ដោយឡែក ពាក់ព័ន្ធនឹងការសម្រេចចិត្តចងសម្ព័ន្ធមេត្រីភាពជាមួយអ៉ីស្រាអែលនេះដែរ លោក Rabbani បានអះអាងថា បដិវត្តន៍អារ៉ាប់ កាលពីឆ្នាំ២០១១ ក៏ជាមូលហេតុនៅ ពីក្រោយការសម្រេចចិត្តរបស់បារ៉ែនផងដែរ។ ក្នុងន័យនេះ បារ៉ែន ចង់បានសម្ព័ន្ធភាពថ្មីមួយ និងខ្នងបង្អែកដូចជាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ដើម្បីជួយខ្លួនទប់ស្កាត់ បដិវត្តន៍ផ្ដួលរំលំរបបរាជានិយម កុំឱ្យផ្ទុះឡើងជាថ្មីម្ដងទៀត ដូចកាលពីឆ្នាំ២០១១។
* ឥទ្ធិពលអារ៉ាប៊ីសាអូឌីត
លោកស្រី គ្រីស្ទែន ហ្វុនទែនរ៉ូស (Kirsten Fontenrose) ជាអតីតមន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ បាននិយាយថា បើគ្មានការយល់ ព្រមពីអារ៉ាប៊ីសាអូឌីត បារ៉ែនក៏មិនហ៊ានសម្រេចចិត្តឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៉ីស្រាអែល នោះដែរ។ ឥទ្ធិពលរបស់អារ៉ាប៊ីសាអឌីត បានកើនឡើងរឹតតែខ្លាំង ក្រោយទីក្រុងរីយ៉ាដ បានបញ្ជូនកងទ័ពឱ្យទៅជួយររដ្ឋាភិបាលបារ៉ែន ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា នូវបាតុកម្មតវ៉ារបស់ក្រុមប្រឆាំងរដ្ឋាភិបាល ដែលភាគច្រើនអ្នកជា កាន់និកាយស៊ីអ៉ីត គាំទ្រដោយអ៉ីរ៉ង់ កំឡុងផ្ទុះ «បដិវត្តន៍អារ៉ាប់» កាលពីឆ្នាំ២០១១កន្លងទៅ។
លោកស្រី បានលើកឡើងដូច្នេះថា៖ «បារ៉ែន មិនអាចសម្រេចចិត្តខាងគោលនយោបាយការបរទេស ដោយគ្មានការអនុញ្ញាតពីអារ៉ាប៊ីសាអូឌីតនោះទេ។ តែ ខ្ញុំគិតថា អារ៉ាប៊ីសាអូឌីត នឹងមិនភ្ជាប់ទំនាក់ទំនងជាមួយអ៉ីស្រាអែលឡើយ ក្នុងពេលបច្ចុប្បន្ន រហូតដល់ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ឡើងគ្រងរាជ្យសម្បត្តិបន្តពី ព្រះបិតាគឺព្រះចៅសាល់ម៉ាន ជាផ្លូវការ»។
គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន មានប្រទេសអារ៉ាប់ចំនួន៤ហើយ ដែលទទួលស្គាល់អ៉ីស្រាអែល ក្នុងនោះរួមមាន អេហ្ស៊ីប, ហ៊្សកដានី, អេមីរ៉ាត់អារ៉ាប់រួម និងបារ៉ែន ខណៈ អូម៉ង់ ជាប្រទេសបន្ទាប់ ត្រូវបានគេរំពឹងថាអាចនឹងដើរតាមគន្លងមួយនេះ។ ចំណែកឯ អារ៉ាប៊ីសាអូឌីត នៅតែរក្សាភាពស្ងៀមស្ងាត់ ដោយមិនជំទាស់ ហើយក៏មិនគាំទ្រការភ្ជាប់ ទំនាក់ទំនងជាមួយអ៉ីស្រាអែលដែរ។ គោលជំហរបែបនេះ ត្រូវបានអ្នកជំនាញខ្លះដូចជា លោកស្រី ហ្វុនទែនរ៉ូស យល់ថាព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន ចង់ភ្ជាប់ ទំនាក់ទំនងនឹងអ៉ីស្រាអែលដែរ តែបិតារបស់ទ្រង់ គឺព្រះចៅសាល់ម៉ាន មិនយល់ព្រម រហូតទាល់តែមានដំណោះស្រាយសន្តិភាពពេញលេញសម្រាប់ប៉ាឡេស្ទីន ជាមុនសិន៕
ប្រភព៖ Sputnik