(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) ដើម្បីថ្លែងពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃ ដ៏សាហាវនៅក្នុងរដ្ឋភាគខាងលិខមួយនេះ ខណៈគូប្រជែងគឺលោក ចូន បៃដិន គ្រោងថ្លែងសុន្ទរកថា មួយស្តីពីបញ្ហានេះដែរពីរដ្ឋ ឌែឡាវែ (Delaware) ដែលបានដាក់បញ្ហាបម្រែបម្រួលអាកាសធាតុ ជាប្រធានបទដ៏ក្តៅគគុកសម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនាពេលខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការកើនឡើងកំដៅផែនដី ដោយសារតែលោកគិតថា វាជាការបង់តម្លៃខ្លាំងពេកសម្រាប់អាមេរិក ហើយបានបង្ហាញទស្សនៈរបស់លោកផ្ទាល់ថា ការគ្រប់គ្រងព្រៃឈើមិនបានល្អ គឺជាផ្នែកមួយដែលត្រូវស្តីបន្ទោសចំពោះភ្លើងឆេះព្រៃ ដែលកំពុងបន្តឆេះរីករាលដាល នៅទូទាំងភាគខាងលិចនៃសហរដ្ឋអាមេរិកនេះ។
ដោយឡែកក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យវិញជឿជាក់ថា ការប្រែប្រួលអាកាសធាតុ បានដើរតួនាទីយ៉ាងសំខាន់ដែលបង្កឲ្យមានភ្លើងឆេះព្រៃដ៏អាក្រក់នេះ ហើយលោក បៃដិន ត្រូវបានគេរំពឹងថា នឹងសង្កត់ធ្ងន់ពីបញ្ហានេះនៅក្នុងសុន្ទរកថារបស់លោក។ លោក ត្រាំ នឹងធ្វើដំណើរទៅកាន់ឧទ្យាន ម៉ាក្លេលែន (McClellan) រដ្ឋកាលីហ្វ័រញ៉ា ដើម្បីជួបជាមួយមន្ត្រីមូលដ្ឋាន និងពិភាក្សាស្តីពីភ្លើងឆេះព្រៃនេះ។ អ្នកនាំពាក្យសេតវិមានលោក ចាដ ឌា (Judd Deere) នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា លោកប្រធានាធិបតី ត្រាំ នៅតែបន្តគាំទ្រដល់ក្រុមសង្គ្រោះជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនេះ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតបានកើតមាននៅរដ្ឋធំៗចំនួន ០៣ នៅជាប់ឆ្នេរសមុទ្រភាគខាងលិចអាមេរិកមានដូចជា វ៉ាស៊ីនតោនស្តេត, អូរ៉េហ្គន និងកាលីហ្វ័រញ៉ា ដោយបានបណ្តាលឲ្យមនុស្ស ៣៣នាក់ហើយបាត់បង់ជីវិត។ បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាសំខាន់ ក្នុងការជម្រុញទឹកចិត្តដល់យុវជនអាមេរិក ឲ្យទៅបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុននេះ៕