(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បានចាត់ទុកថា ប្រជាជនហុងកុង១២នាក់ ដែលត្រូវបានចាប់ខ្លួននៅឯសមុទ្រ ដោយអាជ្ញាធរចិនដីគោក កាលពី ខែសីហាកន្លងទៅនេះ គឺជា «ក្រុមឧទ្ទាមទាមទារផ្ដាច់ទឹកដី» និងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលអះអាងថាការចាប់ខ្លួននេះ ជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ការលើកឡើងខាងលើរបស់លោកស្រី Hua បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសាច់ញាតិអ្នកជាប់ឃុំ បានធ្វើសន្និសិទកាសែតមួយក្នុងទីក្រុង ហុងកុង ទាមទារឲ្យមានការដោះលែង ជាបន្ទាន់ មនុស្សទាំង១២នាក់ ដែលត្រូវបានឆ្មាំសមុទ្រខេត្តក្វាងទុង ស្ទាក់ចាប់បាននៅថ្ងៃទី២៣ ខែសីហា។ ការចាប់ខ្លួននេះ បានកើតឡើងប្រហែលជាពីរខែ ក្រោយរដ្ឋាភិបាលចិនដីគោកបានដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បាននិយាយថា ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យហុងកុងទាំង ១២នាក់នេះគឺជា «ឧទាហរណ៍មួយទៀត ដែលបង្ហាញពីការធ្លាក់ចុះនៃសិទ្ធិមនុស្សនៅហុងកុង» ហើយលោកស្រីក៏បានអំពាវនាវឲ្យអាជ្ញាធរចិនដីគោកធានានូវដំណើរការកាត់ក្ដី ដ៏ត្រឹមត្រូវមួយផងដែរ។
តែជាការឆ្លើយតប លោកស្រី Hua Chunying បានលើកឡើងថា មនុស្សទាំង១២នាក់ខាងលើ ត្រូវបានចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ក្នុងដែនទឹក ហើយពួកគេមិនមែនជាសកម្មជន ប្រជាធិបតេយ្យទេ ប៉ុន្តែជា «អ្នកដែលព្យាយាមបំបែកហុងកុងចេញពីចិនដីគោក»។
គួរបញ្ជាក់ថា បើតាមប៉ូលិសក្នុងទីក្រុង Shenzhen ប្រជាជនហុងកុងទាំង១២នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនពីបទឧក្រិដ្ឋដោយសង្ស័យថាបានឆ្លងដែនខុសច្បាប់ និងត្រូវបានដាក់ឱ្យ នៅក្រោម ការស៊ើបអង្កេត នៅឡើយ។ ប៉ូលិសបានបន្ថែមថា «យ៉ាងណាមិញ ពួកគេនឹងព្យាយាមការពារសិទ្ធិ និងផលប្រយោជន៍របស់ជនសង្ស័យស្របទៅតាមច្បាប់»៕