Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ អ៉ីរ៉ង់ មានផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំអាហ្វ្រិកខាងត្បូង, សងសឹកឱ្យលោក Soleimani

14-09-2020 10:43

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានអះអាងថាទីភ្នាក់ងារស៊ើបការណ៍អ៉ីរ៉ង់ កំពុងរៀបចំផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ជាការសងសឹកឱ្យ វិញ្ញាណក្ខន្ធអតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

សារព័ត៌មាន Politico ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់២នាក់ ដែលបានមើលឃើញ និងបានដឹងពីរបាយការណ៍ សំងាត់នេះ។ មន្ត្រីអាមេរិកទាំង២រូបនេះ បានបញ្ជាក់ប្រាប់ Politico ថា មន្ត្រីស្ថានទូតអ៉ីរ៉ង់ម្នាក់ប្រចាំរដ្ឋធានី Pretoria នៃប្រទេសអាហ្វ្រិកខាងត្បូង បានចូលរួមក្នុងកិច្ចពិភាក្សាពី ការរៀបចំផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង គឺលោកស្រី Lana Marks ហើយបើសិនជាផែនការនេះត្រូវបានអនុវត្តតាមការគ្រោងទុក ឬបានសម្រេច នោះវាអាចនឹងបង្កឱ្យសង្រ្គាមរវាងអាមេរិក និងអ៉ីរ៉ង់ ផ្ទុះឡើងក៏ថាបាន។ ក៏ប៉ុន្តែ ស្ថាប័នស៊ើបការណ៍សំងាត់អាមេរិករួមមានទាំង CIA ព្រមទាំងរដ្ឋាភិបាលអ៉ីរ៉ង់ផ្ទាល់ មិនទាន់ធ្វើ អត្ថាធិប្បាយអ្វីឡើយទៅនឹងការចុះផ្សាយរបស់ Politico។

គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកទាំង២រូបខាងលើដដែល មកទល់នឹងពេលនេះ អ៉ីរ៉ង់នៅតែបន្តស្វែងរកមធ្យោបាយសងសឹកទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល បានបញ្ជាឱ្យយោធាអាមេរិក សម្លាប់អតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ដោយយន្ដហោះដ្រូន នៅលើទឹកដីអ៉ីរ៉ាក់ កាលពីខែមករា ដើមឆ្នាំ២០២០៕