(តេហេរ៉ង់)៖ បារ៉ែនទើបតែបានព្រមព្រៀងគ្នាជាមួយអ៉ីស្រាអែល ដើម្បីស្តាទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅរកសភាពប្រក្រតីឡើងវិញ បន្ទាប់ពីអេមីរ៉ាត់អារ៉ាប់រួមក៏បានសម្រេចធ្វើដូចគ្នាកាលពីមួយខែមុន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។
យ៉ាងណាមិញ ការព្រមព្រៀងគ្នាស្តាទំនាក់ទំនងរវាងបារ៉ែននិងអ៉ីស្រាអែល បានទទួលរងការថ្កោលទោសពីសំណាក់អ៉ីរ៉ង់និងប៉ាឡេស្ទីន។ ខាងអ៉ីរ៉ង់បានលើកឡើងថា កិច្ចព្រមព្រៀងនេះជាទង្វើដ៏គួរឲ្យអាម៉ាស់ ដែលពលីនូវបុព្វហេតុរបស់ប៉ាឡេស្ទីន ខណៈអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការសម្រេចចិត្តរបស់បារ៉ែនជា ការក្បត់ប្រជាជនប៉ាឡេស្ទីន។
ដោយឡែកប្រទេសដទៃទៀត ដូចជាអេហ្ស៉ីប សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់បារ៉ែន ដោយចាត់ទុកវាថាជាការចូលរួមចំណែក ក្នុងការបង្កើតស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។
គួរជម្រាបថា បារ៉ែននិងស្តាទំនាក់ទំនងឡើងវិញជាមួយអ៉ីស្រាអែល ដូចទៅនឹងអ្វីដែលអេមីរ៉ាត់អារ៉ាប់រួមបានធ្វើ នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ហើយវានឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១៥ ខែកញ្ញា គឺថ្ងៃអង្គារសប្តាហ៍ក្រោយនេះ៕