(យ៉ាងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១៥ករណីបន្ថែមទៀត ដែលនាំ ឲ្យករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ២,២៦៥ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។
នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង COVID-19 ថ្មីៗយ៉ាងគំហុកបែបនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពី បទបញ្ជាតឹងរ៉ឹងជាងមុនរួមមានការហាមឃាត់ការធ្វើដំណើរនៅក្នុងស្រុក លើកលែងតែចំពោះបញ្ហាសុខាភាព និងស្ថានភាពបន្ទាន់។ លើសពីនេះ កាលពី
ថ្ងៃពុធសប្តាហ៍នេះដែរ ប្រជាជនរស់នៅទីក្រុងចំនួន២១ នៅតំបន់ជុំវិញទីក្រុងយ៉ាងហ្គូន ដែលបានរាយការណ៍ពីករណីឆ្លងភាគច្រើន ត្រូវបានណែនាំឲ្យ ព្យាយាមស្នាក់នៅក្នុងផ្ទះ ដើម្បីកុំឲ្យការឆ្លងកាន់តែរីករាលដាល។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ា អ្នកជំងឺ ៦២៥នាក់បានជាសះស្បើយឡើងវិញ និងមនុស្ស១៤នាក់បានស្លាប់។ គិតចាប់ពីការផ្ទុះឡើងនៃជំងឺនេះកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ មីយ៉ាន់ម៉ាបានធ្វើតេស្តសំណាករកជំងឺ COVID-19 សរុបចំនួន ១៨៥,៤៧៤នាក់ហើយ ដោយក្នុងនោះមនុស្ស ៨,៧៥០នាក់ កំពុងស្ថិតក្រោមការតាមដាននៅឡើយ៕