(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ជាថ្មីថា លោកនឹងមិនប្រើកម្លាំងបាយបង្រ្កាបក្រុមបាតុករនិស្សិតថៃ ដែលមានគម្រោង ធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំ ប្រឆាំងរដ្ឋាភិបាលរបស់លោក នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបាននិយាយប្រាប់សភារួចហើយកាលពីម្សិលមិញ...ខ្ញុំបានចាត់ទុកនិសិត្សទាំងនោះដូចជាកូនៗរបស់ខ្ញុំដែរ»។ លោក បន្ថែមទៀតថា លោកក៏បានណែនាំដល់កងកម្លាំងប៉ូលិសរួចមកហើយដែរ ឱ្យមានការប្រុងប្រយ័ត្ន និងអត់ធ្មត់បំផុតក្នុងការដោះស្រាយជាមួយក្រុមបាតុករវ័យក្មេងទាំងនោះ។

ការប្រមូលផ្តុំគ្នាតវ៉ារបស់ក្រុមនិស្សិតនេះ គឺជាព្រឹត្តិការណ៍មួយដែលកំពុងកើតមាន ខណៈប្រទេសថៃកំពុងមានការភ័យព្រួយបារម្ភចំពោះការឆ្លងរាតត្បាតនៃ COVID-19 និងកំពុង អនុវត្តច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នផងដែរ។ តែទោះជាយ៉ាងណា អ្នកអនុវត្តច្បាប់ថៃ ក៏បានអត់ឱនចំពោះនិស្សិត ដោយស្ថាប័នសិក្សា បានអនុញ្ញាតឱ្យមានការតវ៉ានៅតាម សាកលវិទ្យាល័យនានា។

គួរបញ្ជាក់ថា សាកលវិទ្យាល័យ និងមេដឹកនាំរដ្ឋាភិបាលថៃ បានបញ្ជាក់ម្តងហើយម្តងទៀតថា ការតវ៉ារបស់និស្សិតទាំងនោះ ត្រូវបានអនុញ្ញាតឱ្យមានការរៀបចំឡើង ដរាបណា ការតវ៉ាត្រូវបានធ្វើឡើងនៅក្នុងក្របខណ្ឌនៃច្បាប់៕