Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីការបរទេសអាមេរិក បំផុសឲ្យបណ្តាប្រទេសអាស៊ាន ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ដែលពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង (Video inside)

10-09-2020 15:54

(ហាណូយ)៖ ប្រមុខការទូតអាមេរិក នាថ្ងៃព្រហស្បតិ៍នេះបានទទូចឲ្យអាស៊ាន កាត់ផ្តាច់ចំណងទាក់ទង ជាមួយក្រុមហ៊ុនចិនទាំងឡាយ ដែលជាប់ពាក់ព័ន្ធការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សមុទ្រចិនខាងត្បូង កំឡុងកិច្ចប្រជុំមួយរបស់អាស៊ាន តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

ការអំពាវនាវពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយរបស់អាស៊ាន ដែលប្រព្រឹត្តទៅក្រោមស្រមោលនៃ ភាពប្រកួតប្រជែងរវាងកំពូលមហាអំណាចពិភពលោកទាំងពីរគឺ សហរដ្ឋអាមេរិក និងចិនដែលកំពុងខ្វែងគំនិតគ្នា ជុំវិញបញ្ហាជាច្រើន។

លោក ប៉ុមប៉េអូ បាននិយាយថា វាដល់ពេលហើយដែលរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវតែគិតគូរពិចារណាឡើងវិញ អំពីទំនាក់ទំនងរបស់ពួកគេ ជាមួយនឹងក្រុមហ៊ុនដែលធ្វើប្រតិបត្តិការ នៅសមុទ្រចិនខាងត្បូង ដែលជាតំបន់កំពុងមានបញ្ហាវិវាទ។ ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានថា សហរដ្ឋអាមេរិកទៅវិញទេ ដែលជាអ្នកជំរុញឲ្យមានសកម្មភាពយោធា កាន់តែខ្លាំងឡើងនៅតំបន់នេះ។

គួរជម្រាបថា កាលពីខែសីហាកន្លងទៅ សហរដ្ឋអាមេរិកបានកត់បញ្ចូលក្រុមហ៊ុនចិនចំនួន ២៤ និងបុគ្គលជាច្រើននាក់ ទៅក្នុងបញ្ជីខ្មៅទណ្ឌកម្មដោយចោទថា ពួកគេមានជាប់ពាក់ព័ន្ធនឹងសកម្មភាពយោធា និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធយោធាចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បួង។ ក្រៅពីនេះសហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាដឹកយន្តហោះចម្បាំង មកកាន់តំបន់សមុទ្រខាងត្បូងផងដែរ៕