(កង់បេរ៉ា)៖ ខណៈការប្រកួតប្រជែងផលិតវ៉ាក់សាំង COVID-19 កាន់តែមានសន្ទុះខ្លាំងឡើង «គំនិតជាតិនិយម» ឬ «វ៉ាក់សាំងជាតិនិយម» ក៏កាន់តែរីករាលដាលខ្លាំងឡើងជាលំដាប់ ផងដែរ ដោយវាបាន និងកំពុងធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រ មានការព្រួយបារម្ភខា្លចក្រែងវ៉ាក់សាំងជាតិនិយម អាចនឹងបង្កការរាំងស្ទះ ឬក៏បំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គោះពិភពលោកឱ្យងើបចេញពីវិបត្តិ COVID-19 ។
វ៉ាក់សាំង គឺជាអាវុធមួយដ៏សំខាន់អាចបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ ប៉ុន្តែ ទន្ទឹមគ្នា ប្រទេសដែលផលិតបានវ៉ាក់សាំងមានប្រសិទ្ធភាព និងសុវត្ថិភាពមុនគេ ត្រូវបាន គេមើលឃើញថា នឹងទទួលបានផលចំណេញយ៉ាងធំធេងខាងភូមិសាស្ត្រនយោបាយ។ ក្រៅពីរុស្ស៊ី ដែលទើបតែប្រកាសពីជោគជ័យ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយ មិនទាន់ឆ្លងកាត់ការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាលទី៣ បច្ចុប្បន្ន មានវ៉ាក់សាំងចំនួន៨ ក្នុងនោះមាន៤ ជាវ៉ាក់សាំងរបស់ចិន, ៣គាំទ្ររដ្ឋបាលលោក ដូណាល់ ត្រាំ និងមួយទៀតជា វ៉ាក់សាំងរបស់អូស្រ្ដាលី ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដលើមនុស្សដំណាក់កាលទី៣។
*ហេតុអី្វ «វ៉ាក់សាំងជាតិនិយម» គឺជាក្ដីកង្វល់?
វ៉ាក់សាំងជាតិនិយម គឺជាវ៉ាក់សាំងដែលរដ្ឋាភិបាលមួយផលិតឡើង ឬទិញស្ដុកទុកសម្រាប់ចាក់ឱ្យប្រជាជនរបស់ខ្លួនឯងតែប៉ុណ្ណោះ មុននឹងផ្ដល់ ឬក៏លក់វាឱ្យបណ្ដាប្រទេសដទៃ។ គំនិតបែបនេះសម្រាប់អ្នកជាតិនិយម គឺជាការចាំបាច់ត្រូវតែធ្វើ ព្រោះការគិតគូពីអ្នកផ្ទះខ្លួនឯងមុនគេ គឺជារឿងធម្មតា។ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រខ្លះ រួមទាំងអង្គការ WHO យល់ថា វ៉ាក់សាំងជាតិនិយម មានតែបង្កការរាំងស្ទះ ក៏ដូចជាបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គោះពិភពលោកឱ្យងើបចេញពីវិបត្តិ COVID-19 តែប៉ុណ្ណោះ។ ដ្បិត នៅពេលគំនិតជាតិនិយម កាន់តែរីកធំឡើង វានឹងធ្វើឱ្យបណ្ដាប្រទេសអ្នកមាន និងប្រទេសខ្លះ នាំគ្នាទិញវ៉ាក់សាំងស្ដុកទុក ដែលជាហេតុធ្វើឱ្យវ៉ាក់សាំងឡើងថ្លៃ ហើយប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រ មិនមានលទ្ធភាពទិញ ឬទទួលបានវ៉ាក់សាំងមិនគ្រប់គ្រាន់ ដើម្បីសង្រ្គោះជីវិតប្រជាជនរបស់ពួកគេ។
បើតាមរបាយការណ៍ថ្មីចេញផ្សាយកាលពីសប្ដាហ៍មុន បណ្ដាប្រទេសអ្នកមាន បានចុះហត្ថលេខាបញ្ជាទិញវ៉ាក់សាំងសរុបជាង ៣.៧ពាន់លានដូស ពីបណ្ដាក្រុមហ៊ុនផលិតឱសថ លោកខាងលិច។ ជាឧទាហរណ៍ជាក់ស្ដែង មកទល់នឹងពេលនេះ ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញវ៉ាក់សាំង ៥ដូស សម្រាប់ប្រជាជនម្នាក់ និងថែមទាំង បានប្រកាសពីគម្រោងចុះហត្ថលេខាទិញវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុនមួយចំនួនទៀតផង។ បន្ថែមពីលើនេះ ក្រៅពីអង់គ្លេស កាណាដា កាលពីសប្ដាហ៍មុន ក៏បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុនចំនួន២ ដើម្បីទិញវ៉ាក់សាំង ៨៨លានដូស ទុកសម្រាប់ចាក់ប្រជាជនរបស់ខ្លួនទាំងអស់ម្នាក់២ដង ផងដែរ។
*តើ COVAX គឺជាមធ្យោបាយអាចកម្ចាត់ COVID-19 បានរហ័សមែនទេ?
ដោយសារព្រួយបារម្ភពី «វ៉ាក់សាំងជាតិនិយម» អង្គការសុខភាពពិភពលោក (WHO) បានបង្កើតគំនិតផ្ដួចផ្ដើមមួយឈ្មោះ COVAX ដើម្បីធានាឱ្យបានថាប្រជាជននៅលើ ពិភពលោក អាចទទួលបានការចាក់វ៉ាក់សាំង COVID-19 គ្រប់គ្នាៗ ដោយជំរុញឱ្យប្រទេសនានាចូលរួមក្នុងគំនិតផ្ដួចផ្ដើមនេះ សំដៅរកឱ្យបាននូវវ៉ាក់សាំង ២ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១។
បច្ចុប្បន្ន មានប្រទេសចំនួន១៧២ បានចូលរួមក្នុងផ្ដួចផ្ដើម COVAX ក្នុងនោះរួមមានទាំងអូស្ត្រាលី។ ក៏ប៉ុន្តែ បណ្ដាប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងរុស្ស៊ីបានសម្រេច ចិត្តមិនចូលរួម រីឯចិននៅមិនទាន់ផ្ដល់ចម្លើយនៅឡើយទេ។ ជាការពិតណាស់ អ្នកជំនាញសុខាភិបាលភាគច្រើនយល់ថា COVAX គឺជាការបោះជំហានមួយទៅរកផ្លូវត្រូវ ហើយគំនិត ផ្ដួចផ្ដើមនេះអាចនឹងជួយសម្រួល និងធានាថាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រអាចនឹងទទួលបានវ៉ាក់សាំង សម្រាប់ប្រជាជនរបស់ពួកគេ។
តែទោះជាយ៉ាងនេះក្ដី COVAX នៅតែប្រឈមមុខនឹងបញ្ហាមួយចំនួនដដែល នោះគឺថាគំនិតផ្ដួចផ្ដើមនេះ មិនបានរារាំង ឬក៏ហាមឃាត់ប្រទេសជាហត្ថលេខី ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់ពួកគេជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដូចដែលចក្រភពអង់គ្លេស កាណា និងអូស្រ្តាលី បានធ្វើកាលពីពេលថ្មីៗ កន្លងមកទេ។ នៅត្រង់ចំណុចនេះគឺ វាអាចនឹងធ្វើឱ្យការផ្គត់ផ្គង់មានដែនកំណត់ ហើយតម្លៃវ៉ាក់សាំងឡើងថ្លៃ ដែលនឹងបង្កផលលំបាកដល់ប្រទេសក្រីក្រ។ ម្យ៉ាងវិញទៀត ការប្ដេជ្ញាចិត្តរកឱ្យបានវ៉ាក់សាំង ២ពាន់លាន ដូស នៅត្រឹមចុងឆ្នាំ២០២១ ជាចំនួនតិចតួចណាស់ ហើយរឹតតែសំខាន់ទៅទៀត នោះ COVAX មិនបានកំណត់វ៉ាក់សាំងរួមនោះទេ ដោយគាំទ្រវ៉ាក់សាំងចំនួន៩ កំពុងស្ថិតនៅក្រោម ការធ្វើតេស្ដ និងកំពុងពិចារណាលើវ៉ាក់សាំង៩ផ្សេងទៀត។
ដូច្នេះ រដ្ឋាភិបាលខ្លះអាចនឹងមិនសប្បាយចិត្ត ក្នុងករណីវ៉ាក់សាំងនៃរដ្ឋាភិបាលដទៃ មានប្រសិទ្ធភាពជាងវ៉ាក់សាំងរបស់ខ្លួន ដែលនឹងនាំឱ្យការខ្វែងគំនិតគ្នា ឬជម្លោះនយោបាយ អាចកើតមានឡើងនៅក្នុងចំណោមប្រទេសជាហត្ថលេខី ដោយធ្វើឱ្យវ៉ាក់សាំងដែលមានស្រាប់មិនអាចប្រើប្រាស់បាន នៅពេលជម្លោះនយោបាយផ្ទុះឡើង នោះទេ៕
ប្រភព៖ CNA