(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា និស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យ ធិនណេសស៊ី (Tennessee)ច្រើនជាង ២,១០០នាក់ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ខណៈដែលជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យនៅទីក្រុង ណក់វីល (Knoxville) ក្នុងរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

តាមរយៈរបាយការណ៍ចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សសរុបចំនួន ២,១១២នាក់​ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) ក្នុងនោះ ១,៩៣៩នាក់ជានិសិត្ស។ សាកលវិទ្យាធិការនៃសកលវិទ្យាល័យ Tennessee លោកស្រី ដុន ផ្លូវមែន (Donde Plowman) បានគូសបញ្ជាក់ថា ករណីឆ្លងនៅក្នុងបរិវេណសាកលវិទ្យាល័យ កំពុងតែបន្តកើនឡើងយ៉ាងឆាប់រហ័ស ដូចនេះហើយយើងត្រូវការវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការចម្លងនេះ។ លោកស្រី Plowman បានបន្តទៀតថា សាកលវិទ្យាល័យទាំងមូលមានករណីឆ្លងសុរប ៦០០ករណី​គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ក្នុងចំណោមអ្នកឆ្លងជំងឺទាំងអស់ គឺ ៥៩២នាក់ជានិស្សិត និង ០៨នាក់ជាបុគ្គលិក។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មហាវិទ្យាល័យនិងសាកលវិទ្យាល័យនានា​នៅទូទាំងសហរដ្ឋអាមេរិកបានរាយការណ៍ពី ករណីឆ្លងជំងឺ COVID-19 សរុបច្រើនជាង ៣៧,០០០ករណី ខណៈសាលារៀនខ្លះត្រូវសម្រេចចិត្តផ្អាក​ជាបណ្តោះអាសន្នដោយសារតែខ្លាចផ្ទុះជំងឺនេះកាន់តែធ្ងន់៕