Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

WHO កំពុងពិភាក្សាពីលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិន ជាលក្ខណៈអន្តរជាតិ (Video inside)

09-09-2020 14:39

(ប៉េកាំង)៖ អង្គការសុខភាពពិភពលោក (WHO) កំពុងធ្វើការងារជាមួយទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងលក្ខខណ្ឌ នៃការទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិនជាលក្ខណៈ អន្តរជាតិ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ WHO ម្នាក់ ដកស្រង់ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រី ម៉ារីយ៉ានហ្គេឡា ស៊ីមៅ (Mariangela Simao) ជាជំនួយការប្រមុខអង្គការ WHO ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ ក្នុងទីក្រុង ហ្សឺណែវ ប្រទេសស្វីស កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ លោកស្រី ស៊ីមៅ បានលើកឡើងដូច្នេះថា៖ «ការិយាល័យ WHO នៅក្នុងប្រទេសចិន និង ទីស្នាក់ការកណ្ដាល WHO បាន និងកំពុងធ្វើការងារជាមួយអាជ្ញាធរនៅក្នុងប្រទេសចិន...ហើយជាការពិតណាស់ យើងកំពុងទាក់ទងគ្នាដោយផ្ទាល់, ចែករំលែកព័ត៌មានគ្នា ទៅវិញទៅមក រួមពិភាក្សាគ្នាផងដែរពីលក្ខខណ្ឌនៃការទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ចិនជាលក្ខណៈអន្តរជាតិ»

គួរជម្រាបថា ក្រៅពីរុស្ស៊ី ដែលទើបតែប្រកាសពីជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយមិនទាន់ឆ្លងកាត់ការធ្វើតេស្ដលើមនុស្សក្នុងតំណាក់កាលទី៣ បច្ចុប្បន្ន មានវ៉ាក់សាំងចំនួន៨ ក្នុងនោះមាន៤ ជាវ៉ាក់សាំងរបស់ចិន, ៣គាំទ្ររដ្ឋបាលលោក ដូណាល់ ត្រាំ និងមួយទៀតជា វ៉ាក់សាំងរបស់អូស្រ្ដាលី ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដ លើមនុស្សតំណាក់កាលទី៣៕