(សៀងហៃ)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន CanSino Biologics បានទាត់ចោលការព្រួយបារម្ភ និងការសង្ស័យរបស់ក្រុមអ្នកជំនាញមួយចំនួន ចំពោះប្រសិទ្ធភាពនៃ វ៉ាក់សាំង COVID-19 របស់ខ្លួន ដោយអះអាងថា ការវាយតម្លៃមិនគួរធ្វើឡើងដោយមិនមានទិន្នន័យគ្រប់គ្រាន់ពីការធ្វើតេស្ដនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រុមអ្នកជំនាញមួយចំនួន កាលពីពេលថ្មីៗនេះ បានបង្ហាញការសង្ស័យចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង Ad5-nCoV របស់ក្រុមហ៊ុន CanSino ដែលត្រូវបានអភិវឌ្ឍឡើង ដោយឈរលើមូលដ្នាននៃវីរុសគ្រុនផ្ដាសាយទូទៅ។ ក្រុមអ្នកជំនាញទាំងនេះ យល់ថាវ៉ាក់សាំង ដែលផ្អែកលើវីរុសគ្រុនផ្ដាសាយទូទៅ អាចនឹងមានប្រសិទ្ធភាពមាន ព្រំដែនកំណត់ ហើយមិនតែប៉ុណ្ណោះ អង់ទីករដែលមានស្រាប់ប្រឆាំងនឹងវីរុសគ្រុនផ្ដាសាយទូទៅ ក៏អាចនឹងបំផ្លាញវ៉ាក់សាំង Ad5-nCoV ផងដែរ។
តែយ៉ាងណាក៏ដោយ ក្រុមហ៊ុន CanSino បានច្រានចោលការវាយតម្លៃ និងការព្រួយបារម្ភបែបនេះ ដោយបញ្ជាក់ថា វាធ្វើឡើងដោយគ្មានទិន្នន័យគ្រប់គ្រាន់ពីការធ្វើតេស្ដ។ CanSino បានបន្ថែមទៀតថា វ៉ាក់សាំង Ad5-nCoV កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ដចុងក្រោយនៅឡើយ តែទទួលបានការអនុម័តឱ្យប្រើប្រាស់ហើយ នៅក្នុង យោធាចិន៕