(តូក្យូ)៖ ឥទ្ធិពលខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើកោះគ្យូស៊ូ (Kyushu) ភាគនិរតីនៃប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្ស ០២
ក់ស្លាប់ ០៤នាក់បាត់ខ្លួន និងជាង ១០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។
បើតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ព្យុះទីហ្វុងហៃសិន (Haishen) បានបង្កការបំផ្លិចបំផ្លាញនៅភាគនិរតីនៃប្រទេសជប៉ុន ដោយបណ្តាលឱ្យផ្ទះប្រមាណ ៤៧៥,០០០ខ្នងនៅកោះ Kyushu គ្មានអគ្គីសនីប្រើប្រាស់ ថែមទាំងបានរំខានដល់ជើងហោះហើរ និងសេវាកម្មរថភ្លើង រួមទាំងរថភ្លើងល្បឿនលឿនផងដែរ។ ទន្ទឹមនឹងនេះ ខ្យល់ព្យុះ Haishen ក៏បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យទៅជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ។
ក្នុងចំណោមអ្នកស្លាប់ទាំង ០២នាក់ខាងលើ ម្នាក់ជាស្ត្រីវ័យ ៧០ឆ្នាំដែលនៅក្នុងខេត្តកាហ្គោស៊ីម៉ា (Kagoshima) និងម្នាក់ទៀតជាបុរសដែលនៅក្នុងតំបន់ សាហ្គា (Saga)។ ដោយឡែក នៅក្នុងខេត្ត មីយ៉ាហ្សាគិ (Miyazaki) មនុស្ស ០៤នាក់ត្រូវបានគេប៉ាន់ស្មានថា បាត់ខ្លួន ឬកំពុងស្ថិតនៅក្នុងអគារ ដែលត្រូវរងការវាយប្រហារដោយគ្រោះរអិលបាក់ដី និងបានហូរចូលទៅក្នុងទន្លេក្បែរនោះ។
អាជ្ញាធរជប៉ុនបានបន្តទៀតថា មនុស្សជាង ១០០នាក់បានរងរបួស ដែលពួកគេភាគច្រើនស្ថិតលើកោះ Kyushu ហើយព្យុះដ៏មានឥទ្ធិពលនេះ ក៏បានបណ្តាលឱ្យមនុស្សមួយចំនួននៅក្នុងតំបន់ គីនគិ (Kinki) និង ជូហ្គោគុ (Chugoku) ភាគខាងលិចនៃប្រទេសជប៉ុនរងរបួសផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) កម្រិតទឹកភ្លៀងបានកើនឡើងរហូតដល់ ១៥០មីលីម៉ែត្រនៅក្នុងតំបន់ តូកៃ (Tokai) ភាគកណ្តាលប្រទេសជប៉ុន និង ១០០មីលីម៉ែត្រនៅក្នុងតំបន់ កាន់តូ-កូស៊ីន (Kanto-Koshin) រួមទាំងទីក្រុងតូក្យូ (Tokyo) ផងដែរ ដោយសារស្ថានភាពអាកាសធាតុ នៅតែមិនទាន់នឹងនរនៅឡើយ៕