(ប៉េកាំង)៖ ក្នុងពិធីប្រគល់រង្វាន់ជូនដល់ក្រុមជំនាញវេជ្ជសាស្រ្ត នៅឯមហាវិមានប្រជាជនចិននៅថ្ងៃអង្គារនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានប្រកាសថា ប្រទេសចិនបានឆ្លងផុតការសាកល្បងដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រចំពោះការដោះស្រាយវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។
លោក ស៊ី បានប្រគល់មេដាយមាសជូនដល់ «វីរៈបុរស ០៤នាក់» នៅចំពោះមុខប្រតិភូរាប់រយនាក់នៅថ្ងៃអង្គារនេះ។ លោកប្រធានាធិបតីចិន បានកោតសរសើរដល់ក្រុមគ្រូពេទ្យនៅទូទាំងប្រទេស ចំពោះការលះបង់របស់ពួកគេ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹង ជំងឺដ៏កាចសាហាវមួយនេះ។ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ថា «យើងបានទទួលជោគជ័យ ក្នុងសង្គ្រាមប្រឆាំងនឹងជំងឺនេះ និងបានកំពុងដឹកនាំពិភពលោកទាំងមូល ឲ្យងើបចេញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កដោយជំងឺនេះផងដែរ»។
ក្នុងចំណោមវីរៈបុរសទាំង ០៤នាក់ខាងលើនេះ បុរសវ័យចំណាស់ម្នាក់ឈ្មោះ ចុង ណាសាន (Zhong Nanshan) វ័យ ៨៣ឆ្នាំ ដែលជាអ្នកជំនាញវេជ្ជសាស្ត្រដ៏ល្បីឈ្មោះមួយរូប ទទួលបន្ទុកដឹកនាំប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានគូសបញ្ជាក់ថា «យើងនឹងរួមដៃគ្នាជាមួយក្រុមគ្រូពេទ្យនៅជុំវិញពិភពលោក ដើម្បីបន្តប្រយុទ្ធប្រឆាំង និងស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណានេះ»។
គួរជម្រាបថា ប្រទេសចិនបានកត់ត្រាអ្នកស្លាប់ សរុបចំនួន ៤,៦៣៤នាក់ រាប់ចាប់តាំងពីការផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ រដ្ឋាភិបាលចិនបានទទួលភាពជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 តាមរយៈវិធានបិទខ្ទប់ប្រទេសដ៏តឹងរ៉ឹងបំផុត និងការរឹតត្បិតការធ្វើដំណើរក្នុងស្រុកផងដែរ៕