Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការអារ៉ាប៊ីសាអូឌីតសម្រេច «លុបចោលទោសប្រហារជីវិតមនុស្ស៥នាក់» ពាក់ព័ន្ធករណីធ្វើឃាតអ្នកកាសែត Khashoggi (Video inside)

08-09-2020 12:43

(រីយ៉ាដ)៖ តុលាការអារ៉ាប៊ីសាអូឌីត បានប្រកាសលុបចោលការផ្តន្ទាទោសប្រហារជិវិតមនុស្ស ០៥នាក់ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មលើអ្នកកាសែត ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងសេចក្តីសម្រេចចុងក្រោយមួយ ដែលត្រូវបានថ្កោលទោសដោយគូដណ្តឹង នៃអ្នកកាសែតរូបនេះ និងអ្នកជំនាញអង្គការសហប្រជាជាតិ (UN) ដែលបានហៅការសម្រេចនេះថា «ជាការជាន់ឈ្លីយុត្តិធម៌»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ជនជាប់ចោទដែលមិនបញ្ចេញឈ្មោះចំនួន ០៨នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី ០៧ឆ្នាំ ទៅ ២០ឆ្នាំ នៅក្នុងសាលក្រមមួយ បន្ទាប់ពីកូនប្រុសរបស់លោក Khashoggi បានលើកលែងទោសដល់អ្នកសម្លាប់ឪពុករបស់ខ្លួន កាលពីខែឧសភាកន្លងទៅ ដោយបានបើកផ្លូវឱ្យមានការបន្ធូរបន្ថយទោសនេះ។ បច្ចុប្បន្នអារ៉ាប៊ីសាអូឌីត កំពុងព្យាយាមស្តារមុខមាត់លើឆាតអន្តរជាតិឡើងវិញ នៅមុនពេលរៀបចំកិច្ចប្រជុំកំពូល G20 នាខែវិច្ឆិកាខាងមុខនេះ ក្នុងទីក្រុងរីយ៉ាដ។

តាមការជំនុំជម្រះក្តីដោយបិទទ្វារកាលពីខែធ្នូ ក្នុងចំណោមជនសង្ស័យទាំង ១១នាក់ ក្នុងនោះមាន ០៥នាក់ ត្រូវបានកាត់ទោសប្រហារជីវិត និង ០៣នាក់ទៀតត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២៤ឆ្នាំ។ ប៉ុន្តែក្រោយទទួលបានការលើកលែងទោស ពីសំណាក់ក្រុមគ្រួសាររបស់លោក Khashoggi ដែលបានត្រួសត្រាយផ្លូវសម្រាប់ ការបន្ធូរបន្ថយទោសកាលពីថ្ងៃចន្ទម្សិលមិញ។

គួរបញ្ជាក់តាម ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត បានរាយការណ៍ថា អ្នកទោស ០៥នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំវិញ ចំណែកឯម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១០ឆ្នាំ និង ០២នាក់ ទៀតត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០៧ឆ្នាំ៕