(រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ានាព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៩២នាក់ថែមទៀត ខណៈប្រទេសអាស៊ានមួយនេះ កំពុងប្រឈមនឹងការឆ្លងរាលដាលគួរឲ្យបារម្ភ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។
បូកបន្ថែមជាមួយករណីថ្មីៗទាំងនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនដល់ ១,៦១០នាក់ហើយ។ យោងទៅតាម តួលេខរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា គិតមកទល់ពេលនេះ ការធ្វើតេស្តរកជំងឺ COVID-19 ត្រូវបានធ្វើឡើងចំពោះមនុស្សប្រមាណ ១៦៦,៤៣៣នាក់ ខណៈមនុស្ស ៧,៧៦៦នាក់កំពុងតែស្ថិតក្រោមការតាមដាន។ ជាមួយគ្នានេះ ក្នុងចំណោមអ្នកដែលបានឆ្លងទាំងអស់ អ្នកជំងឺ៣៨៨នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។
គួរជម្រាបថា មីយ៉ាន់ម៉ាបានរកឃើញអ្នកឆ្លង COVID-19 ពីរករណីដំបូង កាលពីថ្ងៃទី២៣ ខែមីនា។ អ្នកជំងឺ COVID-19 ៨នាក់បានស្លាប់៕