(ប៉េកាំង)៖ ប្រទេសចិន បានចោទប្រកាន់កងទ័ពឥណ្ឌា ថាបានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងបានបាញ់ព្រមានទៅលើអាកាសក្នុងពេលប្រឈមមុខដាក់គ្នា ជាមួយកងទ័ពចិន នៅតាមបណ្តោយព្រំដែនមានជម្លោះកាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពេលភាពតានតឹងរវាងប្រទេសទាំងបានកើនឡើងសារជាថ្មីម្តងទៀត។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០។
អ្នកនាំពាក្យកងទ័ពចិនប្រចាំភូមិភាគខាងលិច លោក ហ្សាង ស៊ុយលី (Zhang Shuili) នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័រព័ត៌មានផ្លូវការ របស់កងទ័ពចិននៅព្រឹកថ្ងៃអង្គារនេះ បានគូសបញ្ចាក់ថា កងកម្លាំងការពារព្រំដែនចិនបានចាត់វិធានការតបតភ្លាមៗ ដើម្បីរក្សាស្ថានការណ៍ឲ្យមានស្ថេរភាព ដូចដើមវិញ។ ប៉ុន្តែ មិនបានបញ្ជាក់ច្បាស់ថាតើវិធានការអ្វីឲ្យប្រាកដនោះទេ។ លោក Zhang បានបន្ថែមថា៖ «យើងស្នើសុំឲ្យភាគីឥណ្ឌាបញ្ឈប់រាល់សកម្មភាព ដែលអាចបង្កឲ្យមានរឿងធំជាបន្ទាន់ ហើយត្រូវចាត់វិធានការស៊ើបអង្កេតយ៉ាងតឹងរឹងបំផុត និងដាក់ទណ្ឌកម្មបុគ្គលដែលបានបើកការបាញ់ប្រហារទៅលើអាកាស ដើម្បីធានាឲ្យប្រាកដថា ឧប្បដិហេតុស្រដៀងគ្នានេះនឹងមិនអាចកើតឡើងម្តងទៀត»។
គួរបញ្ជាក់ថា កាលពីខែមិថុនា កន្លងទៅ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាម្តងរួចទៅហើយ ដែលបានបណ្តាលឲ្យកងទ័ពឥណ្ឌា ២០នាក់បានស្លាប់ នៅក្នុង ការប្រយុទ្ធគ្នាដៃទល់នឹងដៃ ក្រោយហេតុការណ៍នោះ ចិន និងឥណ្ឌា បានសម្រេចដាក់ពង្រាយកងទ័ពបន្ថែមនៅតាមព្រំដែន។ ជុំវិញបញ្ហានេះ ស្ថានទូតឥណ្ឌា ប្រចាំទីក្រុងប៉េកាំង មិនទាន់បានឆ្លើយតបភ្លាមៗ ទៅនឹងការស្នើសុំធ្វើអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅឡើយទេ៕