(បរទេស)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញមានបាតុភូតច្រេះចាប់នៅលើព្រះច័ន្ទ ដែលមិនគួរអាចកើតមានឡើងនៅទីនោះឡើយ ហើយវាទំនងជាមានជាប់ពាក់ព័ន្ធជាមួយនឹងផែនដី។ នេះបើតាមការចេញផ្សាយដោយវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
ច្រេះចាប់ឬគេហៅថា «ដែកអុកស៉ីត» ជាសមាសធាតុពណ៌ក្រហម មានដែលកកើតឡើងនៅពេលដែកប្រតិកម្មជាមួយអុកស៉ីសែននិងទឹក។ ជាទូទៅយើងសង្កេតឃើញបាតុភូតនេះ នៅលើដែកគោលក៏ដូចជាបង្កាន់ឬខ្លោងទ្វារដែកជាដើម ហើយភពអង្គារដែលមានរហស្សនាម «ភពក្រហម» នោះ ក៏ដោយសារតែវាដែរ។ ពណ៌ក្រហមនៅលើផ្ទៃភពអង្គារ (Mars) បានកើតមានជាយូរណាស់មកហើយ នៅពេលដែកនៅលើផ្ទៃរបស់វា បានធ្វើប្រតិកម្មគ្នាជាមួយអុកស៉ីសែន និងទឹក។
យ៉ាងណាក៏ដោយ ដែកអុកស៉ីតឬច្រេះ មិនសុទ្ធតែអាចមានវត្តមាននៅកន្លែងណាក៏បាននោះទេ ជាពិសេសនៅលើផ្ទៃព្រះច័ន្ទរបស់យើង ដែលមិនមានបរិយាកាសទាល់តែសោះនោះ។ ក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យរដ្ឋហាវ៉ៃអាមេរិក បាននិយាយថា ព្រះច័ន្ទយើងគឺជាកន្លែងដែលបរិស្ថានគ្មានភាពអំណោយអ្វីបន្តិចឡើយ សម្រាប់ឲ្យបាតុភូតច្រេះចាប់អាចកើតឡើងបាន។
ក្រុមអ្នកស្រាវជ្រាវខាងលើ បានវិភាគលើទិន្នន័យបានមកពីឧបករណ៍មួយរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលតួនាទីផលិតផែនទីនៃវត្តមានរ៉ែនៅលើឋានព្រះច័ន្ទ។ ឧបករណ៍នោះស្ថិតនៅផ្កាយរណប Chandrayaan-1 របស់ទីភ្នាក់ងារអវកាសឥណ្ឌា ISRO ដែលបានគោចរអង្កេតលើព្រះច័ន្ទ កាលពីឆ្នាំ២០០៨។
ពួកគេបានរកឃើញថា នៅតំបន់ប៉ូលទាំងពីររបស់ព្រះច័ន្ទ មានសមាសធាតុខុសស្រឡះពីកន្លែងផ្សេងៗទៀត។ នៅប៉ូលខាងជើងនិងប៉ូលខាងត្បូងរបស់ព្រះច័ន្ទ សម្បូរទៅដោយរ៉ែម៉្យាងហៅថា Hematite (លើផែនដីយើងក៏សម្បូររ៉ែនេះដែរ) ដែលជាដែកអុកស៉ីតមួយប្រភេទ។ បើតាមស្ថានភាពជាក់ស្តែងនៃបរិស្ថានរបស់ព្រះច័ន្ទ គឺវាមិនគួរមានវត្តមានបាននោះទេ។
គួរជម្រាបថា ដើម្បីឲ្យដែកអាចទៅជាច្រេះឡើងពណ៌ក្រហមបាន វាត្រូវការម៉ូលេគុលដូចជា «អុកស៉ីសែន» ដែលទាញយកអេឡិចត្រុងចេញពីវត្ថុធាតុដូចជាដែកនេះ។ ប៉ុន្តែរលកចំហាយ Solar Wind ដែលព្រះអាទិត្យជះជាប្រចាំមកលើផ្ទៃព្រះច័ន្ទ គឺសម្បូរទៅដោយ «អ៉ីដ្រូសែន» ដែលមានតួនាទីផ្ទុយពីនេះទៅវិញ ពោលវាមិនដកអេឡិចត្រុងចេញទេ គឺវាបន្ថែមឲ្យទៅវិញ។ ដូច្នេះហើយ បើគ្មានអ្វីការពារពី Solar Wind ដូចទៅនឹងផែនដីយើង ដែលមានការការពារដោយស្រទាប់ដែនម៉ាញេទិចទេនោះ គឺបាតុភូតច្រេះចាប់មិនគួរអាចកកើតបានឡើងនៅលើផ្ទៃព្រះច័ន្ទឡើយ។
ប៉ុន្តែក្នុងការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យរដ្ឋហាវ៉ៃ បានលើកឡើងថាខណៈព្រះច័ន្ទមិនមានស្រទាប់បរិយាកាសផ្ទាល់ខ្លួនរបស់វា ដើម្បីផ្តល់អុកស៉ីសែនក្នុងបរិមាណគ្រប់គ្រាន់ក៏ដោយ វាមានអុកស៉ីសែនក្នុងបរិមាណតិចតួចមួយ ដែលបានមកពីស្រទាប់បរិយាកាសផែនដី។ អុកស៉ីសែនទាំងនោះ ធ្វើដំណើរឆ្លងដល់ទៅព្រះច័ន្ទ តាមរយៈខ្សែគេហៅថាកន្ទុយម៉ាញេទិច ដែលលាតសន្ធឹងឆ្ងាយចេញពីភពរបស់យើង។
មួយវិញទៀត ជារៀងរាល់ពេលព្រះច័ន្ទពេញវង់ម្តងៗ ខ្សែកន្ទុយម៉ាញេទិចនេះ ជួយរារាំងចំហាយ Solar Wind សឹងតែទាំងស្រុង មិនឲ្យជះលើព្រះច័ន្ទ ដែលអាចជាពេលសម្រាប់ឲ្យបាតុភូតច្រេះចាប់កកើតឡើងបាន។ ប៉ុន្តែវានៅត្រូវការវត្ថុមួយទៀតគឺទឹក។ កន្លងមកនេះ គេរកឃើញមានទឹកក្នុងទម្រង់ជាទឹកកកនៅលើផ្ទៃព្រះច័ន្ទដែរ ប៉ុន្តែនៅផ្ទៃមួយចំហៀងទៀតរបស់វាឯណោះ (Far Side ឬ Dark Side) ដែលឆ្ងាយពីកន្លែងមានរ៉ែ Hematite។ មិនតែប៉ុណ្ណោះ Hematite ក៏ត្រូវបានប្រទះឃើញក្នុងបរិមាណតិចតួច នៅតំបន់នោះផងដែរ ជាទីដែលអុកស៉ីសែនមិនអាចទៅដល់។
គួរជម្រាបថា ជាចុងក្រោយក្រុមអ្នកដឹកនាំការស្រាវជ្រាវខាងលើ បានបញ្ជាក់ថា អ្វីៗទាំងអស់នេះគឺជាគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ដោយពួកគេនៅត្រូវការទិន្នន័យឲ្យជាក់លាក់ថែមទៀត ដើម្បីអាចស្វែងយល់បានពិតប្រាកដថា តើហេតុអ្វីបានជាបាតុភូតច្រេះចាប់អាចកើតឡើងនៅលើព្រះច័ន្ទ៕