(តូក្យូ)៖ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលជប៉ុនត្រូវការធ្វើកំណែទម្រង់ក្រសួងសុខាភិបាលរបស់ខ្លួន បន្ទាប់ពីការរាតត្បាតនៃ COVID-19 ត្រូវបានដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
លោក ស៊ូហ្គា ដែលត្រូវបានគេមើលឃើញថា មនុស្សម្នាក់អាចនឹងត្រូវបានជ្រើសរើស ឱ្យស្នងតំណែងនាយករដ្ឋមន្រ្តីជំនួសលោក អាបេ ស៊ីនហ្សូ
ក៏បានបញ្ជាក់ប្រាប់កាសែត យ៉ូមីអ៊ូរិ (Yomiuri) ផងដែរថា «ជំងឺរាតត្បាត COVID-19 គឺជាបញ្ហាដ៏ធំមួយ ដែលក្រសួងសុខាភិបាល មិនអាចដោះស្រាយបានតែម្នាក់នោះទេ ប៉ុន្តែវាត្រូវការចូលរួមធ្វើការងាររួមគ្នា ពីសំណាក់ក្រសួងសុខាភិបាល, ក៏ដូចជាក្រសួងការងារ និងសុខមាលភាព ដើម្បីត្រូវទទួលខុសត្រូវ ចំពោះវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃ COVID-19។ លោក ស៊ូហ្គា បានបន្ថែមថា វាគឺជារឿងចាំបាច់ណាស់ ក្នុងការធ្វើយុទ្ធសាស្ត្រឌីជីថលរបស់រដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រសួងនីមួយៗ ឲ្យប្រសើរឡើងវិញ»។
ការធ្វើកំណែទម្រង់នេះបានចង្អុលបង្ហាញថា អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុនរូបនេះ មានបំណងចង់ធ្វើតាមវិធីផ្ទាល់ខ្លួន និងជំរុញឱ្យមានការផ្លាស់ប្តូរ រចនាសម្ព័ន្ធនៅក្នុងរដ្ឋាភិបាលជប៉ុន បើទោះបីជាគាត់បានសន្យាថា នឹងអនុវត្តគំនិតផ្តួចផ្តើម «នយោបាយសេដ្ឋកិច្ចអាបេ (Abenomics)» របស់លោកនាយករដ្ឋមន្រ្តី អាបេ ដែលទើបតែប្រកាសថា នឹងចុះចេញពីតំណែងនោះក៏ដោយ។
គួរបញ្ជាក់ថា លោក ស៊ូហ្គា ត្រូវបានគេរំពឹងថា នឹងឈ្នះក្នុងការបោះឆ្នោតជ្រើសរើស មេដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ និងត្រូវបានគេមើលឃើញទៀតថា មានលទ្ធភាពខ្ពស់ក្នុងការកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន ដោយសារតែគណបក្ស LDP មានសំឡេងភាគច្រើននៅក្នុងសភាស្រាប់៕