(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាបន្ថែមទៀត នៅតាមបណ្តោយឆ្នេរភាគឦសាន និងខាងកើតនៃប្រទេសចិន ស្របពេលដែលភាពតានតឹង នៅក្នុងតំបន់កំពុងកើនឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិនបានគូសបញ្ជាក់ថា សមយុទ្ធដំបូងនឹងធ្វើឡើងនៅសមុទ្រ ប៉ូហៃ (Bohai) ដែលស្ថិតនៅភាគឦសាននៃកំពង់ផែ ឈីងហ្វ័ងតាវ (Qinhuangdao) នាថ្ងៃចន្ទនេះ។ ចំណែកឯសមយុទ្ធលើកទី ២ រួមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នឹងត្រូវធ្វើឡើងនៅភាគខាងត្បូងនៃសមុទ្រលឿង (Yellow Sea) នាថ្ងៃអង្គារ និងថ្ងៃពុធ។ ការប្រកាសខាងលើនេះក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពនាវាផ្សេងទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងតំបន់នោះជាដាច់ខាត។
កាលពីខែមុន ប្រទេសចិនក៏បានប្រកាសពីលំហាត់សមយុទ្ធយោធាចំនួន ៤ នៅក្នុងតំបន់ឈូងសមុទ្រ Bohai និងភាគខាងកើតនៃសមុទ្រលឿង រហូតដល់សមុទ្រចិនខាងត្បូង ដែលជាតំបន់ដែលកំពុងតែមានជម្លោះ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
គួរបញ្ជាក់ថា ប្រទេសចិនជាញឹកញាប់ តែងតែបង្ហាញកម្លាំងយោធា នៅក្បែរកោះតៃវ៉ាន់ដែលត្រូវបានចាត់ទុកថា ជាខេត្តមួយរបស់ខ្លួន និងចោទប្រកាន់សកម្មភាពយោធាអាមេរិក ម្តងហើយម្តងទៀត នៅសមុទ្រចិនខាងត្បូងថា ជាការបង្ករឿង និងគំរាមកំហែងដល់ដែនអធិបតេយ្យភាពរបស់ចិន។ បច្ចុប្បន្ននេះប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងប្រឈមមុខដាក់គ្នា លើបញ្ហាជាច្រើនរួមមានជំងឺរាតត្បាតសកល COVID-19, សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្សផងដែរ៕