(វ៉ាស៊ីនតោន)៖ មួយរយៈពេលចុងក្រោយនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់វិធានការសកម្មភាពជាច្រើន ដែលធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ ទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងប៉េកាំង តាមរយៈការបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហូស្ដុន (Houston), ការបញ្ជូនរដ្ឋមន្ត្រីសុខាភិបាល លោក អាឡិច អាហ្សា (Alex Azar) ឱ្យបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ រួមទាំងការប៉ុនប៉ងបិទបណ្ដាញទំនាក់ទំនងសង្គម TikTok និង WeChat នៅក្នុងសហរដ្ឋអាមេរិក ជាដើម។
ក៏ប៉ុន្តែ រឿងដែលគួរឱ្យភ្ញាក់ផ្អើល នោះគឺចិនមិនបានចាត់វិធានការឆ្លើយតបខ្លាំងក្លាវាយបកលើអាមេរិកវិញឡើយ ហើយបែរជាអំពាវនាវឱ្យមានកិច្ចចរចា និងដោះស្រាយ បញ្ហាទាំងឡាយតាមកិច្ចសន្ទនាទៅវិញ។ បើតាមក្រុមអ្នកជំនាញការទូត សហរដ្ឋអាមេរិកកាន់តែដាក់សម្ពាធ ចិនកាន់តែទន់ភ្លន់ ដ្បិតទីក្រុងប៉េកាំង យល់យ៉ាងច្បាស់ថា ការប្រើប្រាស់កម្លាំងបាយ ឬវិធានការខ្លាំងជ្រុលហួសហេតុ មានតែឱ្យអាមេរិកមានលេសអូសចិនឱ្យធ្លាក់ចូលទៅក្នុងជម្លោះ ដើម្បីបង្អាក់ដំណើរទៅមុខនៃសេដ្ឋកិច្ចចិន តែប៉ុណ្ណោះ។ ឬនិយាយឱ្យកាន់តែងាយស្ដាប់ជាងនេះ នោះគឺចិនដឹងថាបច្ចុប្បន្នខ្លួន មិនមែនជាដៃគូរបស់សហរដ្ឋអាមេរិកទេ ដូច្នេះជាជាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ គួរតែរកវិធីធ្វើយ៉ាងណាឱ្យពិភពលោកបានឃើញថា សហរដ្ឋអាមេរិក ជាអ្នកចូលចិត្តដើរបង្កជម្លោះ និងបង្ករឿងជាមួយគេឯង ដើម្បីផលប្រយោជន៍ខ្លួនឯង ប្រសើរជាង។
* ចិនចង់បានកិច្ចសន្ទនា
ប្រតិកម្ម រួមទាំងវិធានការឆ្លើយតបរបស់ចិន សងសឹកនឹងសហរដ្ឋអាមេរិក មានលក្ខណៈធូរស្រាល និងចង់បានការផ្សះផ្សាច្រើនជាង បើធៀបទៅនឹងវិធានការដែលអនុម័ត ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព័ត៌មានចិនស៊ីនហួរ កាលពីដើមខែសីហា កន្លងទៅ ទីប្រឹក្សារដ្ឋ និងជា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានទាត់ចោលទាំងស្រុងនូវគំនិតដែលថាចិន និងសហរដ្ឋអាមេរិក កំពុងធ្វើសង្រ្គាមត្រជាក់ថ្មីជាមួយនឹងគ្នា ហើយថែមទាំងបានស្នើឱ្យ ការបន្ធូរបន្ថយភាពតានតឹងសព្វថ្ងៃ តាមរយៈកិច្ចសន្ទនាគ្រប់កម្រិត, គ្រប់វិស័យ និងគ្រប់ពេលវេលា។
ពីរថ្ងៃក្រោយមកទៀត លោក យ៉ាង ជីឈី (Yang Jiechi) ជានាយកការិយាល័យកិច្ចការបរទេស នៃគណបក្សកុម្មុយនិស្ដចិន បានចុះផ្សាយអត្ថបទមានចំណងជើងថា «ទទួលស្គាល់ប្រវត្តិសាស្ត្រ, សម្លឹងទៅរកអនាគត និងការពារបានឱ្យនូវស្ថេរភាពនៃទំនាក់ទំនងចិន-អាមេរិក» ដោយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមរវាង ប្រទេសទាំង២ ដោយឈរលើផលប្រយោជន៍រួម លើគ្រប់វិស័យ។ គោលជំហរបែបនេះ គឺចិនមានបំណងផ្ញើសារចំនួន៣ នោះគឺ៖
* ចិន មិនចង់ឱ្យជម្លោះផ្ទុះឡើង
ចិន មិនចង់ធ្វើសង្រ្គាមត្រជាក់ជាមួយសហរដ្ឋអាមេរិកនោះទេ ដ្បិតចិនមិនមែនជាអតីតសហភាពសូវៀត ហើយក៏មិនមានបំណងក្លាយជាសហរដ្ឋអាមេរិកថ្មីមួយទៀត នោះដែរ។ នេះបើតាមការបញ្ជាក់របស់ប្រមុខការទូតចិន លោក វ៉ាង យី។ ទាំងលោក វ៉ាង យី និងលោក យ៉ាង ជីឈី សុទ្ធតែបានរំលឹកឡើងវិញពីថ្ងៃដ៏ល្អ នៃទំនាក់ទំនង រវាងចិន និងអាមេរិក បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក រីឆាដ និចសុន (Richard Nixon) បំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៧២ ដើម្បីក្រើន រំលឹកអាមេរិកថាប្រទេសទាំង២ អាចរួមរស់ជាមួយគ្នាបាន បើទោះជាមានមនោគមន៍វិជ្ជាខុសគ្នាក៏ដោយ។
ក៏ប៉ុន្តែ ផ្អែកលើការរីកចម្រើន និងការរីកធំឡើងជាលំដាប់នៃឥទ្ធិពលរបស់ចិននៅជុំវិញពិភពលោក នាពេលសព្វថ្ងៃ អ្នកជំនាញភាគច្រើនយល់ថាគំនិតចង់ឱ្យចិន និងអាមេរិក រួមរស់ជាមួយគ្នា បើទោះជាមានមនោគមន៍វិជ្ជាខុសគ្នាក៏ដោយ គឺមិនអាចទៅរួចឡើយ ហើយបើទោះជារវាងលោក ចូ បៃដិន និងលោក ដូណាល់ ត្រាំ នរណាជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិកក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែមាននយោបាយតឹងរឹងដដែល ពោលគឺទប់ស្កាត់ឥទ្ធិពលចិន។
* សហរដ្ឋអាមេរិក មិនអាចដើរតែម្នាក់ឯង
សារទី២ ដែលចិនចង់ផ្ញើ នោះគឺសហរដ្ឋអាមេរិក មិនអាចធ្វើសង្រ្គាមត្រជាក់នេះតែម្នាក់ឯងនោះទេ។ ត្រង់ចំណុចនេះ ចិនចង់ឱ្យសម្ព័ន្ធមិត្តអាមេរិក ជាពិសេស អូស្រ្តាលី នូវែលសេឡង់, ចក្រភពអង់គ្លេស, និងកាណាដា យល់ថាខ្លួនគ្មានបំណងធ្វើសង្រ្គាមត្រជាក់ជាមួយសហរដ្ឋអាមេរិក ឡើយ។ ការធ្វើបែបនេះ គឺចិនចង់គ្រប់គ្រងស្ថានការណ៍ មិនឱ្យសហរដ្ឋអាមេរិក មានលេសណាមួយ ដើម្បីប្រមូលកម្លាំង ឬបង្កើតក្រុមចម្រុះប្រឆាំងនឹងចិន។ គំនិតប្រឆាំងសង្រ្គាមត្រជាក់ ក៏បានស្ដែងឡើងផងដែរ កំឡុង ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ទៅកាន់ប្រទេសអឺរ៉ុបចំនួន៥ កាលពីពេលថ្មីៗនេះ។
បើចិន ពិតជាអាចគ្រប់គ្រងស្ថានការណ៍នេះបានមែន នោះសម្ព័ន្ធមិត្តអាមេរិកជាច្រើនអាចនឹងចាប់ផ្ដើមគិតឡើងវិញ ថាតើសង្រ្គាមត្រជាក់គឺជាការពិតមែន ឬក៏គ្រាន់តែត្រូវ បានប្រឌិតឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការប្រមូលផ្ដុំកម្លាំងប្រឆាំងនឹងចិន ដើម្បីរក្សាភាពជាមហាអំណាចពិភពលោករបស់សហរដ្ឋអាមេរិក ដែលកំពុង ថមថយឥទ្ធិពលស្រាប់ដោយសារតែគោលនយោបាយ «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ»។ ជាការពិតណាស់ គោលនយោបាយ «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ » របស់រដ្ឋបាលលោក ត្រាំ បានធ្វើឱ្យរូបភាពជាមហាអំណាចនៃសហរដ្ឋអាមេរិក រងការខូចខាតមិនតិចនោះទេ ដោយសារតែរដ្ឋបាលលោក ត្រាំតែងតែបង្ខំឱ្យប្រទេសដទៃ រួមទាំងសម្ព័ន្ធមិត្តដើរតាមខ្លួនជានិច្ចដែលធ្វើឱ្យពួកគេធុញទ្រាន់ ទោះជាពេលខ្លះត្រូវបង្ខំចិត្តធ្វើតាមក៏ដោយ។
ជាឧទាហរណ៍ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មឯកតោភាគីជាច្រើនលើកូរ៉េខាងជើង, អ៉ីរ៉ង់ និងវេណេស៊ុយអេឡា ហើយទន្ទឹមគ្នាទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមានដែរថា ប្រទេសដទៃដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសទាំងនេះ នឹងត្រូវជាប់ទណ្ឌកម្មអាមេរិក ដែលនេះបានធ្វើឱ្យគេមើលឃើញកាន់តែច្បាស់ថាអាមេរិក គិតតែពី ប្រយោជន៍ខ្លួនឯង ហើយនេះក៏ប្រហែលជាអ្វីដែលចិនចង់បានដែរ។ លើសពីនេះទៅទៀត ការថមថយឥទ្ធិពលរបស់អាមេរិក នៅលើឆាកអន្តរជាតិ បានស្ដែងឡើងឱ្យឃើញកំឡុងការបោះឆ្នោតបន្តសុពលភាពដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់ នៅឯក្រុមប្រឹក្សាសន្តិសុខ UN កាលពីខែសីហាកន្លងទៅ ដោយមានតែសាធារណរដ្ឋដូមីណិក តែមួយគត់ បានគាំទ្រដំណោះស្រាយព្រាងដោយអាមេរិក ខណៈប្រទេសចិន និងរុស្ស៊ីបោះឆ្នោតជំទាស់ រីឯប្រទេសជាសមាជិក ១១ផ្សេងទៀត រួមមានទាំងអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានអនុប្បវាទ។
* គ្រោះថ្នាក់នៃជម្លោះ
សារទី៣ និងចុងក្រោយរបស់ចិន នោះគឺការព្រមានសហគមន៍អន្តរជាតិ ពីគ្រោះថ្នាក់នៃការផ្ទុះឡើងនូវជម្លោះរវាងសហរដ្ឋអាមេរិក និងចិន។ កាលពីខែសីហា កន្លងទៅ ទាំង ចិន និងសហរដ្ឋអាមេរិក បានបង្កើនការធ្វើសកម្មភាពយោធា តាមរយៈការធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ នៅក្នុងតំបន់អាស៊ីប៉ាហ្វិក ដោយបង្កឱ្យមានការព្រួយបារម្ភ ថាសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់ អាចនឹងផ្ទុះឡើងជាយថាហេតុណាមួយ។ ជាការពិតណាស់ បច្ចុប្បន្ន និងអនាគតដ៏ខ្លីខាងមុខ ចិនមិនមែនជាដៃគូរបស់សហរដ្ឋអាមេរិក ដែលជាមហាអំណាចយោធាផុតលេខមានសម្ព័ន្ធមិត្តរាប់រយ រួមទាំងមូលដ្ឋានយោធា នៅជុំវិញពិភពលោក នោះទេ។
ដូច្នេះហើយ សមយុទ្ធយោធារបស់ចិន គ្រាន់តែជាការកំញើញ និងក្រើនរំលឹកដល់សហគមន៍អន្តរជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រោះថ្នាក់នៃការផ្ទុះឡើងនូវជម្លោះ យោធា ហើយត្រូវត្រៀមខ្លួនជានិច្ចដើម្បីផ្សះផ្សា និងរារាំងកុំឱ្យអាមេរិកបង្កជម្លោះនៅក្នុងតំបន់។
គួរជម្រាបថា អ្នកជំនាញយោធាភាគច្រើនយល់ស្របដូចៗគ្នាថា ជម្លោះភ្លាមៗ ឬក្នុងរយៈពេលដ៏ខ្លីរវាងសហរដ្ឋអាមេរិក និងចិន នឹងមិនកើតឡើងឡើយ ហើយដោយសារតែ មានអាវុធ នុយក្លេអ៊ែររៀងៗខ្លួន ធ្វើឱ្យមេដឹកនាំនៃប្រទេសទាំង២ កាន់តែមានការប្រុងប្រយ័ត្នទៅទៀត។ នៅក្នុងន័យនេះ ចិនអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រសង្រ្គាម នយោបាយ និងសេដ្ឋកិច្ច ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ជាជាងប្រឈមមុខខាងយោធា។ ក៏ប៉ុន្តែ គេមិនបដិសេធចោលទាំងស្រុងពីលទ្ធភាពនៃការផ្ទុះជម្លោះយោធា នោះទេ ជាពិសេសនៅពេលសមត្ថភាពយោធា និងឥទ្ធិពលរបស់ចិន កើនឡើងកាន់តែខ្លាំង ឬក៏តាមទាន់សហរដ្ឋអាមេរិក៕
ប្រភព៖ CNA