(តូក្យូ)៖ ក្រុមឆ្មាំការពារដែនសមុទ្រនៃប្រទេសជប៉ុន នៅថ្ងៃចន្ទនេះបាននិយាយថា បេសកកម្មស្វែងរក និងជួយសង្គ្រោះនាវិក ៤០នាក់ដែលបានបាត់ខ្លួនក្រោយពីការក្រឡាប់លិច នាវាមួយគ្រឿងដឹកសត្វគោរាប់ពាន់ក្បាល នៅក្នុងដែនសមុទ្រចិនខាងកើត (East China Sea) នៅតែត្រូវបានផ្អាក ដោយមិនទាន់កំណត់ពេលវេលា សម្រាប់ការចាប់ផ្តើមឡើងវិញឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
រហូតមកដល់ពេលនេះ មាននាវិកតែ ០២នាក់ត្រូវបានជួយសង្គ្រោះ ខណៈនាវិកម្នាក់ទៀតបានស្លាប់ បន្ទាប់ពីត្រូវបានគេរកឃើញក្នុងអការៈសន្លប់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ នាវារបស់ពួកគេមានឈ្មោះថា ហ្គោហ្វ ឡៃហ្វស្តុក ១ (Gulf Livestock 1) ដែលបានដឹកសត្វគោក្របីជិត ៦,០០០ក្បាល និងនាវិកទាំងអស់ ៤៣នាក់ បានប្រកាសអាសន្នរកជំនួយពីភាគខាងលិច នៃកោះ អាម៉ាមិ អូស៊ីម៉ា (Amami Oshima) ស្ថិតនៅភាគនិរតី នៃប្រទេសជប៉ុន កាលពីថ្ងៃពុធសប្តាហ៍មុន កំឡុងព្យុះទីហ្វុងម៉ៃសាក់ (Maysak) កំពុងបក់បោកនៅក្បែរៗតំបន់នោះ។
គួរបញ្ជាក់ បេសកកម្មស្វែងរក និងជួយសង្គ្រោះត្រូវបានផ្អាក ដោយសារតែអាកាសធាតុអាក្រក់ខ្លាំង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈព្យុះទីហ្វុងថ្មីមួយទៀត ដែលមានឈ្មោះថា ហៃសិន (Haishen) បានធ្វើដំណើរឆ្ពោះទៅកាន់ ភាគនិរតីនៃប្រទេសជប៉ុន៕