(ញូដេលី)៖ មិនខុសពីការព្យាករណ៍នោះឡើយ ដោយនៅទីបំផុតឥណ្ឌា បានលោតឡើងលេខ ២ ហើយក្នុងនាមជាប្រទេសមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេលើលោក ដោយស្ថិតនៅក្រោមសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ ខណៈប្រទេសប្រេស៊ីលត្រូវធ្លាក់មកនៅលេខ ៣ វិញ។ នេះបើតាមទិន្នន័យចុងក្រោយ ដែលត្រូវបានដកស្រង់ចេញពី គេហទំព័រអន្តរជាតិ Worldometer នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានករណីឆ្លង COVID-19 ជាង ៤,២០៤,០០០ករណី ក្នុងនោះអ្នកស្លាប់សរុបមានចំនួន ៧១,៦៨៧នាក់ និងជាសះស្បើយវិញជាង ៣,២៥០,០០០នាក់។ ដោយឡែកប្រទេសប្រេស៊ីលវិញ គិតត្រឹមពេលដូចគ្នានេះមានករណីឆ្លងសរុបជាង ៤,១៣៧,០០០ករណី ក្នុងនោះស្លាប់ជាង ១២៦,៦០០នាក់ និងជាសះស្បើយវិញជាង ៣,៣០០,០០០នាក់។
ទោះជាយ៉ាងណា បើគេក្រឡេកមើលចំនួនអ្នកឆ្លងសរុប ឥណ្ឌាពិតជាកើនលើសប្រេស៊ីលប្រាកដមែន ប៉ុន្តែធៀបចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតវិញនោះ ប្រេស៊ីលមានចំនួនលើសឥណ្ឌាដល់ទៅជិត ២ដង។ ប្រការនេះមានន័យថា អត្រាស្លាប់នៅប្រេស៊ីល គឺខ្ពស់ជាងនៅឥណ្ឌាឆ្ងាយណាស់។ សម្រាប់សហរដ្ឋអាមេរិក ដែលឈរនៅលេខរៀងទី ១ វិញមានករណីឆ្លងសរុបជាង ៦.៤៦លាននាក់ ក្នុងនោះស្លាប់ជាង ១៩៣,០០០នាក់៕