(ញូយ៉ក)៖ លោក ចាខូប ប្លេក (Jacob Blake) បុរសស្បែកខ្មៅដែលត្រូវបានប៉ូលីសស្បែកស បាញ់ពីក្រោយខ្នងនៅក្នុងទីក្រុង ខេណូសា (Kenosha) រដ្ឋ Wisconsin កាលពីខែមុន បាននិយាយជាលើកដំបូងពីគ្រែមន្ទីរពេទ្យ ខណៈដែលការធ្វើបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍បានបន្តជាហូហែរនៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក ប៊ិន ក្រាំភ៍ (Ben Crump) មេធាវីការពារក្តីឲ្យលោក Blake បានបង្ហោះវីដេអូមួយលើបណ្តាញសង្គម Twitter ដោយបានបង្ហាញលោក Blake ពណ៌នាអំពីភាពឈឺចាប់ជាប្រចាំ រួមមានការពិបាកក្នុងការដកដង្ហើម និងការបរិភោគអាហារជាដើម ព្រោះថាលោកបានពិការ ពីចង្កេះចុះក្រោមទៅហើយ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅ លោក Blake ដែលមានវ័យ ២៩ឆ្នាំ ត្រូវបានមន្ត្រីបូលិសអាមេរិក បាញ់ពីក្រោយខ្នងជាច្រើនគ្រាប់ (៧គ្រាប់) នៅចំពោះមុខកូនៗលោកទាំងបីនាក់ ដែលកំពុងអង្គុយចាំក្នុងរថយន្ត។ ហេតុការណ៍នេះហើយ ទើបបានជាបង្កឲ្យផ្ទុះការតវ៉ា ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើហិង្សារបស់ប៉ូលីសនៅតាមទីក្រុងជាច្រើន នៅទូទាំងសហរដ្ឋអាមេរិកឡើងវិញ រាប់ចាប់តាំងពីការស្លាប់របស់ បុរសស្បែកខ្មៅម្នាក់ទៀតឈ្មោះ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានមន្ត្រីប៉ូលីសនៅទីក្រុង មីននាផូលីស (Minneapolis) យកក្បាលជង្គង់សង្កត់កអស់រយៈពេលជិត ៩នាទី។
គួរបញ្ជាក់ថា ការផ្ទុះបាតុកម្មនេះបានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិក កំពុងប្រឈមនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គម ខណៈដែលជំងឺរាតត្បាតសកល COVID-19 បានសម្លាប់មនុស្សប្រហែលជា ១៩០,០០០នាក់នៅទូទាំងសហរដ្ឋអាមេរិក ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតដាច់គេ នៅលើពិភពលោក៕