(ញូយ៉ក)៖ មនុស្សជាង ២០០នាក់ត្រូវបានអាជ្ញាធរជម្លៀសតាមឧទ្ធម្ភាគចក្រ ទៅកាន់ទីកន្លែងមានសុវត្ថិភាព បន្ទាប់ពីភ្លើងព្រៃបានកាត់ផ្ដាច់ផ្លូវចេញចូល តែមួយគត់នៃតំបន់អាងទឹកមែមម៉ូតស៍ (Mammoth Pool Reservoir) ស្ថិតនៅក្នុងឧទ្យានជាតិ សៀរ៉ា (Sierra National Forest) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។
បើតាមអាជ្ញាធរនៅក្នុងតំបន់ មនុស្ស ២០នាក់នៅក្នុងចំណោមអ្នក ដែលត្រូវបានជម្លៀសខាងលើ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈភ្លើងឆេះព្រៃឈ្មោះ គ្រីកហ្វាយអឺ (Creek Fire) ដែលបានឆាបឆេះតាំងតែពី ថ្ងៃសុក្រសប្ដាហ៍មុនមកនោះ បាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅលើផ្ទៃដីជាង ១៨,២១០ហិកតា។ គិតត្រឹមថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា (ពេលវេលាក្នុងតំបន់) ក្រុមអ្នកពន្លត់អគ្គីភ័យជិត ១៥,០០០នាក់ មិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាបានឡើយទេ។
គួរបញ្ជាក់ថា មនុស្សសរុប ០៨នាក់ហើយបានស្លាប់ និងអគារ-ហេរដ្ឋាចនាសម្ព័ន្ធជាង ៣,៣០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃក្នុងរយៈពេល ០៣សប្ដាហ៍មកនេះ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា។ តំបន់រងគ្រោះខ្លាំងជាងគេរួមមាន ទីក្រុង ហ្វ្រេស្នូ (Fresno), សាន់ប៊ឺណាឌីណូ (San Bernardino) និងទីក្រុងសាឌីហ្គោ (San Diego) ជាដើម៕