Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេជ្ជបណ្ឌិតលីបង់រាប់រយនាក់ ត្រៀមធ្វើចំណាកស្រុកចេញក្រៅប្រទេស នៅចំពោះមុខវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ក្រោយហេតុការណ៍ផ្ទុះដ៏កក្រើកនៅកំពង់ផែបេរូត

06-09-2020 21:35

(បេរូត)៖ ប្រធានក្រុមគ្រូពេទ្យនៃប្រទេសលីបង់ លោកវេជ្ជបណ្ឌិត Abu Sharaf នៅថ្ងៃអាទិត្យនេះបានបង្ហើបឲ្យដឹងថា វេជ្ជបណ្ឌិតរាប់រយនាក់បានទៅទីស្នាក់ការសមាគមន៍គ្រូពេទ្យ ដើម្បីស្នើសុំឯកសារសម្រាប់ការរៀបចំធ្វើចំណាកស្រុក ចេញពីប្រទេសលីបង់។ នេះបើតាមប្រភពពីកាសែត Asharq al-Awsat ដលស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

លោក Abu Sharaf បានលើកឡើងថា ប្រសិនបើរឿងនេះនៅតែបន្តកើតឡើង វានឹងបង្កគ្រោះមហន្តរាយយ៉ាងពិតប្រាកដ ដល់វិស័យសុខាភិបាលនៅក្នុងប្រទេសលីបង់ ដោយគូសបញ្ជាក់ថាសហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុប ក៏ដូចជាប្រទេសអារ៉ាប់ជិតខាង កំពុងយកចិត្តទុកដាក់ក្នុងការទទួលយកក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាដែលមានជំនាញទាំងនោះ ដើម្បីធ្វើការនៅប្រទេសពួកគេ។

វិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកំពុងកើតមាននៅក្នុងប្រទេសលីបង់ បានជះឥទ្ធិពលអាក្រក់ជាខ្លាំងដល់ក្រុមគ្រូពេទ្យ និងក្រុមគ្រួសាររបស់ពួកគេ ដោយសារហេតុផលមួយចំនួន រួមទាំងអសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបង់ថ្លៃសេវាដល់មន្ទីរពេទ្យឯកជន និងសាធារណៈជាច្រើន។

គួរជម្រាបថា ការផ្ទុះដ៏កក្រើកនៅកំពង់ផែបេរូត ដែលបានសម្លាប់ជីវិតមនុស្សប្រមាណជាង ១៩១នាក់ និងជិត ៧,០០០នាក់ទៀតបានរងរបួសកាលពីពេលថ្មីៗនេះ បានបង្កជាវិបត្តិវិកាន់តែធ្ងន់ធ្ងរដល់វិស័យថែទាំសុខភាពនៅប្រទេសលីបង់ ដែលកំពុងមានបញ្ហាស្រាប់។ ប្រាក់ខែបុគ្គលិកសុខាភិបាល ត្រូវបានកាត់បន្ថយ ខណៈប្រាក់បញ្ញើរបស់ពួកគេ ដែលដាក់ក្នុងធនាគារក៏មិនអាចដំណើរការបាន ដោយសារតែការគ្រប់គ្រងមិនផ្លូវការលើមូលធន ដែលបានកំណត់ដោយធនាគារនៅលីបង់៕