(តូក្យូ)៖ ប្រជាជនច្រើនជាង ១០០,០០០នាក់ នៅក្នុងខេត្តចំនួន៤ នៃភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន ទៅកាន់កន្លែងមាន សុវត្ថិភាព ខណៈព្យុះទីហ្វុង Haishen កំពុងវាយប្រហារលើខេត្តទាំងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។
បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Haishen កំពុងបក់បោកក្នុងល្បឿន ១៦២គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយអាចនឹងកើនដល់ ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយថែមទាំងនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ឬក៏អាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី ផងដែរ។ ដូច្នេះ ជាវិធានការបង្ការគ្រោះថ្នាក់នានា អាជ្ញាធរជប៉ុន បានបង្គាប់ប្រជាជនច្រើនជាង ១០០,០០០នាក់ នៅក្នុងខេត្ត Okinawa, Kagoshima, Kumamoto និងខេត្ត Nagasaki ត្រូវជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព រៀបចំដោយរដ្ឋ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Haishen បានបង្កឱ្យផ្ទះច្រើនជាង ៣០,០០០ខ្នង ក្នុងខេត្ត Okinawa និងខេត្ត Kagoshima គ្មានអគ្គិសនីប្រើប្រាស់ រីឯជើងហោះហើរ
នៅក្នុងស្រុកជាង ៥០០ត្រូវបានលុបចោល នៅថ្ងៃអាទិត្យនេះ៕