(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា យន្ដហោះចម្បាំងរបស់រុស្ស៊ី ០៨គ្រឿងបានហោះប្រដេញ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ០៣គ្រឿងរបស់អាមេរិក នៅលើដែនអាកាសនៃសមុទ្រខ្មៅ (Black Sea) និងសមុទ្រអាហ្សូវ (Azov)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃ០៤ ខែកញ្ញា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្រ្តអាមេរិក B-52H ចំនួន ០៣គ្រឿង បានហោះឆ្ពោះចូលទៅក្នុងដែនអាកាស ដែលគ្រប់គ្រងដោយរុស្ស៊ី។ភ្លាមៗនោះយន្តហោះចម្បាំង Su-27 ចំនួន ០៤គ្រឿង និង Su-30 ចំនួន ០៤គ្រឿងនៃកងការពារដែនអាកាស ប្រចាំតំបន់គ្រប់គ្រងភាគខាងត្បូង បានហោះស្ទាក់។ បន្ទាប់មកទៀត យន្តហោះអាមេរិក ក៏បានហោះចេញពីដែនអាកាសរុស្ស៊ីវិញ ហើយយន្តហោះចម្បាំងរុស្សី បានវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន របស់ពួកគេវិញដោយសុវត្ថិភាព។
បើតាមការបញ្ជាក់បន្ថែម ពីក្រសួងការពារជាតិរុស្ស៊ី ប្រតិបត្តិការស្ទាក់ចាប់នេះត្រូវបានធ្វើឡើង ដោយគោរពយ៉ាងម៉ឺងម៉ាត់ស្របទៅតាមច្បាប់អន្តរជាតិ ស្តីពីការការប្រើប្រាស់ដែនអាកាស។ ដោយឡែកខាងភាគីអាមេរិកវិញ មិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយ ឆ្លើយតបនឹងបញ្ហានេះនៅឡើយទេ៕