(អាមេរិក)៖ មហាសេដ្ឋីអាមេរិកលោក អេឡូស ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុនអវកាស SpaceX គ្រោងនឹងចាប់ផ្តើមផ្គុំគំរូគ្រាប់រ៉ុក្កែត Super Heavy ដ៏ធំមួយនៅសប្តាហ៍នេះ។ វានឹងមានកម្លាំងរុញច្រាន ខ្លាំងជាងពីរដងនៃគ្រាប់រ៉ុក្កែត Saturn V ដែលបានដឹកយានអាប៉ូឡូ (Apollo) ទៅកាន់ឋានព្រះច័ន្ទ ហើយក៏មានទម្ងន់ធ្ងន់ជាងរ៉ុក្កែត Falcon Heavy រហូតដល់បីដងផងដែរ។
លោក Elon Musk បានបង្ហាញក្តីសង្ឃឹមថា យើងនឹងបានឃើញនាវាអវកាស Starship ធ្វើតេស្តហោះហើរលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២១ ហើយលោកក៏បានព្រមានផងដែរថា គម្រោងដាក់អាណានិគមមនុស្សនៅលើភពក្រហម (Mars) អាចនឹងជាក្លាយជាការទិញសំបុត្រមួយ សម្រាប់អ្នកដែលទៅ និងគ្មានថ្ងៃវិលត្រឡប់វិញ។
លោក Musk បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា វាជារឿងពិបាក និងគ្រោះថ្នាក់ណាស់ ដែលមិនមែនសម្រាប់អ្នកខ្សោយបេះដូងទេ។ វាមានឱកាសខ្ពស់ដែលអ្នកនឹងត្រូវស្លាប់... វានឹងក្លាយជាជំហានលំបាកទៅៗ ប៉ុន្តែវានឹងក្លាយជាភាពភាពរុងរឿងបំផុត ប្រសិនបើកិច្ចដំណើរការ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ»។
នៅក្នុងសន្និសីទមួយ តាមរយៈខ្សែវីដេអូអនឡាញស្តីពីប្រធានបទ «មនុស្សទៅកាន់ភពព្រះអង្គារ» លោក Musk បានអះអាងថា ក្រុមហ៊ុនលោកកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយអ្វីដែលជាបញ្ហានៅចំពោះមុខនោះ គឺប្រព័ន្ធនៃការផលិតនាវាអវកាស Starship។ ទោះជាយ៉ាងណា លោក Musk បានសង្កត់ធ្ងន់ថា បញ្ហាចម្បងនោះមិនមែនជាការគិតថា តើត្រូវធ្វើដំណើរតាមវិធីណានោះទេ ប៉ុន្តែវាជាការរិះរកវិធីធ្វើឲ្យមនុស្ស អាចនៅមានជីវិតពេលទៅដល់ភពព្រះអង្គារ។
មហាសេដ្ឋីកំពុងកាក់កបខ្លាំង ទាំងទៅវិស័យពាណិជ្ជកម្មរថយន្ត និងបច្ចេកវិទ្យាអវកាសខាងលើនេះ បានធ្វើការកត់សម្គាល់ទៀតថា «ខ្ញុំគិតថាការផលិតនាវាអវកាស មិនមែនជាបញ្ហាមូលដ្ឋានទេ។ បញ្ហាសំខាន់គឺការកសាងមូលដ្ឋានស្នាក់នៅ (ទីក្រុង) នៅលើភពព្រះអង្គារ ដែលជាកន្លែងទ្រទ្រង់មនុស្សយើង។ យើងនឹងកសាងរោងចក្រ ដំបូងនៅលើភពអង្គារ, មូលដ្ឋានអាល់ហ្វានៃភពអង្គារ (Mars Base Alpha ហើយបន្ទាប់មកវានឹងឈានដល់ចំណុច ដែលមនុស្សត្រូវរៀនទ្រទ្រង់ខ្លួនឯងឲ្យបាននៅលើភពនោះផ្ទាល់ (មិនចាំបាច់យកធនធានពីផែនដីទៀត)»។
គួរបញ្ជាក់ថា នាវាអវកាស Starshp ត្រូវបានរចនាឡើងដោយមានទំហំធំ ដើម្បីអាចដឹកអ្នកដំណើរបាន ១០០នាក់ហើយនៅពេលនេះក្រុមហ៊ុន SpaceX កំពុងសាកល្បងសមត្ថភាពរបស់វា ដើម្បីឈានដល់បាញ់បង្ហោះសាកល្បង ទៅកាន់គន្លងគោចរជុំវិញផែនដី និងវិលត្រឡប់មកវិញដោយសុវត្ថិភាព។ បន្ទាប់ពីនោះទៀត គម្រោងកសាងមូលដ្ឋានសំចតបណ្តោះអាសន្ននៅឋានព្រះច័ន្ទ នឹងត្រូវអភិវឌ្ឍឡើង ហើយនាវាអវកាសនឹងត្រូវហោះសាកល្បង ទៅកាន់ព្រះច័ន្ទឲ្យបានជោគជ័យសិន មុននឹងបន្តមហិច្ឆតាទៅកាន់ភពអង្គារ តាមរយៈការបញ្ជូនយានដឹកទំនិញ សាកល្បងទៅមុននៅឆ្នាំ២០២២ និងដឹកមនុស្សនៅឆ្នាំ២០២៤៕
ប្រភព៖ Nation (ថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០)