(ប៉ាឡៅ)៖ ប្រទេសដីកោះប៉ាឡៅ (Palau) ដែលជាប្រជុំកោះតូចៗក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក បានជំរុញឱ្យសហរដ្ឋអាមេរិក សង់មូលដ្នានទ័ពនៅលើទឹកដីរបស់ខ្លួន ព្រោះវានឹងក្លាយជាទីតាំងយុទ្ធសាស្ត្រមួយដ៏សំខាន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ទប់ស្កាត់ការស្ទះឡើងនៃឥទ្ធិពលរបស់មហាយក្សចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
ការប្រកាសចេញអំពីចេតនាស្វាគមន៍ មូលដ្ឋានអាមេរិកខាងលើនេះ កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើ (Mark Esper) បានបំពេញទស្សនកិច្ចមកកាន់ប្រទេសប៉ាឡៅ កាលពីសប្ដាហ៍មុន ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងត្រង់ៗថា កំពុងធ្វើសកម្មភាពបង្កអស្ថេរភាព នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
នៅក្នុងលិខិតផ្ញើជូនលោក អេស្ពើ ប្រធានាធិបតីប៉ាឡៅលោក ថមមី រីមិនហ្គេសៅ (Tommy Remengesau) បានអះអាងបន្ថែមថា យោធាអាមេរិកត្រូវបានស្វាគមន៍ ក្នុងការសង់មូលដ្ឋានទ័ព, អាកាសយានដ្ឋាន និងកំពង់ផែនៅក្នុងប្រទេសរបស់លោក ដែលស្ថិតនៅចំងាយ ១,៥០០គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។
គួរជម្រាបថា ប៉ាឡៅគឺជាប្រទេសដែនកោះឯករាជ្យមួយ ដែលមានតូច-ធំសរុបជាង ៥០០កោះ និងមានប្រជាជនតែជាង ២២,០០០នាក់ប៉ុណ្ណោះ។ ប្រទេសនេះគ្មានកងទ័ពនោះទេ ហើយសហរដ្ឋអាមេរិកជា អ្នកទទួលខុសត្រូវការពារសន្តិសុខប្រទេសមួយនេះ ក្រោមកិច្ចព្រមព្រៀងសហគមន៍រួបរួមដោយសេរី CFA (Compact of Free Association)។ នៅក្រោមកិច្ចព្រមព្រៀងនេះ យោធាអាមេរិកអាចចូលក្នុងប្រទេសប៉ាឡៅ ទោះបីជាមិនមានកងទ័ពឈរជើង នៅទីនោះជាអចិន្ត្រៃយ៍ក៏ដោយ៕