(ប៉េកាំង)៖ រដ្ឋាភិបាលចិន ជាថ្មីម្ដងទៀត បានចោទប្រកាន់ចំៗថាសហរដ្ឋអាមេរិក គឺជាប្រភពដើមនៃបញ្ហាទាំងឡាយនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយ ក៏ឆ្លៀតព្រមានកុំឱ្យបណ្ដាប្រទេសជាសមាជិកអាស៊ានឈរនៅខាងទីក្រុងវ៉ាស៊ីនតោនផងដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
លោក លុយ សៅហ៊ុយ (Luo Zhaohui) ជាអនុរដ្ឋមន្ត្រីការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី ធ្វើការកត់សម្គាលខាងលើនៅក្នុងសុន្ទរកថាតាមរយៈវីដេអូ នៃវេទិកាអន្តរជាតិមួយរៀបចំឡើង នៅក្នុងសប្ដាហ៍នេះដោយក្រសួងការបរទេសចិន និងវិទ្យាស្ថានសិក្សាស្រាវជ្រាវមួយគាំទ្រដោយរដ្ឋ។ ថ្លែងនាឱកាសនោះ លោក លុយ សៅហ៊ុយ បានលើកឡើងដូច្នេះថា៖ «ជាផ្នែកមួយនៃការលូកលាន់ចូលកិច្ចការតំបន់សមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកបានបង្កើតសម្ព័ន្ធភាពមួយ ប្រឆាំងនឹងចិន ឬគេស្គាល់ថា Mini NATO ដែលនេះគឺជាចេតនាបង្កចិត្តសាស្ត្រសង្រ្គាមត្រជាក់របស់ទីក្រុងវ៉ាស៊ីនតោន។ ចិនមិនមែនជាអ្នកបង្ករឿងឡើយ តែយើងក៏មិនភ័យខ្លាច ក្នុងការប្រឈមមុខនឹងការបង្ករឿងទាំងឡាយនោះដែរ»។
លោក សៅហ៊ុយ បន្ថែមថា សហរដ្ឋអាមេរិកបានធ្វើសកម្មភាពបង្ករឿងជាបន្តបន្ទាប់ និងកំពុងព្យាយាមបង្ខំឱ្យប្រទេសនៅក្នុងតំបន់ត្រូវជ្រើសរើសរវាង សហរដ្ឋអាមេរិក និងចិន ដែលតម្រូវឱ្យប្រទេសជាសមាជិកអាស៊ាន និងក្នុងតំបន់ទាំងអស់ពិចារណាឱ្យច្បាស់ ព្រោះការបង្ករឿងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺបម្រើតែផលប្រយោជន៍នយោបាយ និងមហិច្ឆិតាគ្រប់គ្រងពិភពលោករបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមលោក លុយ សៅហ៊ុយ កិច្ចចរចាជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ស្ដីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង នៅត្រូវចាប់ផ្ដើមឡើង វិញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីត្រូវបានពន្យារពេលដោយសារ COVID-19។ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង មានគោលដៅរារាំងមិនឱ្យប្រទេស ក្រៅតំបន់ ឬជម្លោះ ជាពិសេសគឺសហរដ្ឋអាមេរិកចូលរួមឡើយ ខណៈប្រទេសជាភាគីជម្លោះរួមមានហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់ ត្រូវបានគេមើលឃើញថាមានទំនោររកជំនួយពីសហរដ្ឋអាមេរិក៕