(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួននឹងឈប់ទទួលយកការផ្សាយពាណិជ្ជកម្មនយោបាយ នៅមួយសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខ ក្នុងវិធានការមួយដែលក្រុមហ៊ុនបានចាត់ទុកថា ដើម្បីកាត់បន្ថយហានិភ័យនៃពត៌មានមិនពិត និងការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។
បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតនៅលើពិភពលោកមួយនេះ ក៏បានលើកឡើងផងដែរថា ខ្លួនកំពុងរៀបចំបង្កើតសញ្ញាដាស់តឿន (Label) សម្រាប់ភ្ជាប់ជាមួយ Post ដែលបេក្ខជនឬយុទ្ធនាការបោះឆ្នោតណា ដែលព្យាយាមប្រកាសយកជ័យជម្នះ មុនពេលលទ្ធផលបោះឆ្នោតផ្លូវការត្រូវបានប្រកាស ហើយនឹងពង្រីកលក្ខណៈវិនិច្ឆ័យសម្រាប់ខ្លឹមសារដែលត្រូវលុបចេញ ព្រោះត្រូវចាត់ទុកជាខ្លឹមសារជំរុញមិនឲ្យប្រជាជនបោះឆ្នោត។
នៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍ CBS នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានគូសបញ្ជាក់ថា «នៅពេលគោលការណ៍នេះត្រូវដាក់ចេញ ហើយវានឹងអនុវត្តចំពោះមនុស្សគ្រប់រូបស្មើភាពគ្នា រួមទាំងលោកប្រធានាធិបតីផងដែរ» ។
ដោយឡែក នាយកប្រតិបត្តិរូបនេះក៏បានបង្ហាញពីក្តីព្រួយបារម្ភ ជុំវិញបញ្ហាប្រឈមសម្រាប់អ្នកបោះឆ្នោត ក្នុងសម័យកាល COVID-19 ក៏ដូចជាព្រួយបារម្ភជុំវិញលទ្ធផលបោះឆ្នោតផងដែរ។ លោកបានលើកឡើងនៅក្នុងសំណេរលើទំព័រ Facebook នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភថា ប្រជាជាតិរបស់យើងហាក់កំពុងមានការប្រេះឆា ហើយលទ្ធផលនៃការបោះឆ្នោត អាចនឹងត្រូវចំណាយពេលច្រើនថ្ងៃ ឬរហូតដល់ច្រើនសប្តាហ៍ ទើបសម្រេចបាន ម៉្យាងវិញទៀតវាអាចហានិភ័យខ្ពស់ នៃការផ្ទុះឡើងនូវភាពចលាចលនៅទូទាំងប្រទេសទៀតផង»៕