Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន នឹងធ្វើដំណើរទៅទីក្រុង Kenosha ដែលបានផ្ទុះការតវ៉ា និងអំពើហិង្សា ប្រឆាំងការរើសអើងពូជសាសន៍ (Video inside)

03-09-2020 14:18

(វីលមីងតុន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) នឹងធ្វើដំណើរទៅកាន់ទីក្រុងខេនណូហ្សា (Kenosha) នៃរដ្ឋវីសខុនសិន (Wisconsin) ដែលជាទីបាតុកម្មតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ ដ៏ធំមួយនៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងការជួយជំរុញទឹកចិត្តប្រជាពលរដ្ឋ ឲ្យក្រោកឈរឡើងវិញ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានបញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។

អតីតអនុប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Wilmington នៃរដ្ឋដេឡាវែរ (Delaware) ដែលជាស្រុកកំណើតរបស់ខ្លួន នៅថ្ងៃពុធសប្ដាហ៍នេះ ដោយលោកបានគូសបញ្ជាក់ពីផែនការ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកយ៉ាងដូចច្នេះថា «យើងត្រូវតែឈានទៅមុខជាមួយគ្នា ប្រឈមមុខជាមួយគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា ដោយមិនបោះបង់គ្នាចោល ក្នុងកាលៈទេសៈណាមួយឡើយ ហើយនេះជាគោលបំនងដែលខ្ញុំចង់ធ្វើ ដើម្បីរក្សាភាពវិជ្ជមានចំពោះអ្វី ដែលកំពុងកើតឡើងទាំងនោះ»
នៅក្នុងយុទ្ធនាការរបស់លោក បៃដិន បានបន្ថែមទៀតថា លោកនឹងរៀបចំកិច្ចប្រជុំសហគមន៍មួយ នៅទីក្រុងភាគពាយ័ព្យ ជាទីដែលត្រូវបានឡោមព័ទ្ធដោយអំពើហិង្សា និងការតវ៉ាប្រឆាំងនឹងការរើសអើងពូជសាសន៍ បន្ទាប់ពីបុរសជនជាតិស្បែកខ្មៅម្នាក់ គឺលោក ហ្សាខូប ប្លេក (Jacob Blake) ត្រូវបានបាញ់ប្រហារចំពីក្រោយខ្នងចំនួន ០៧គ្រាប់ ដោយប៉ូលិសស្បែកសម្នាក់កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅនេះ។

គួរបញ្ជាក់ រដ្ឋ Wisconsin ត្រូវបានគេរំពឹងថា ជារដ្ឋដែលដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ លោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតនៅក្នុងរដ្ឋនេះ កាលពីឆ្នាំ២០១៦ ដែលជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ៕