(ឡាអេ)៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថ្កោលទោស ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ដែលសហរដ្ឋអាមេរិក បានដាក់មកលើរដ្ឋអាជ្ញា និងសមាជិកនៃការិយាល័យរបស់ ICC។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ICC បានប្រកាសឲ្យដឹងថា សកម្មភាពបង្ខិតបង្ខំដោយផ្ទាល់ មកលើស្ថាប័នយុត្តិធម៌អន្តរជាតិ និងមន្ត្រីស៊ីវិលរបស់តុលាការ គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងលក្ខន្តិកៈជាប្រព័ន្ធនៃទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មទៅលើរដ្ឋអាជ្ញា ICC លោកស្រី ហ្វាតូ បិនសួដា (Fatou Bensouda) និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ចំពោះការបន្តការស៊ើបអង្កេត លើករណីសង្ស័យដែលថា ទាហានអាមេរិកបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការដាក់ទណ្ឌកម្មនេះរួមមាន ការបង្កកទ្រព្យសម្បត្តិ ដែលមន្ត្រីតុលាការទាំងនេះមាននៅសហរដ្ឋអាមេរិក ឬស្ថិតនៅក្នុងដែនអំណាច នៃច្បាប់របស់សហរដ្ឋអាមេរិក។
គួរជម្រាបថា ប្រធានសភារដ្ឋសមាជិកនៃ ICC លោក អូនហ្គន ក្វុន (O-Gon Kwon) ក៏បានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មនេះផងដែរ និងបានបដិសេធយ៉ាងម៉ឺងមាត់ ចំពោះវិធានការដែលមិនធ្លាប់មាន និងមិនអាចទទួលយកបាន ហើយប៉ុនប៉ងបំពានមកលើសន្ធិសញ្ញាអន្តរជាតិ។ លោក Kwon បានបន្ថែមទៀតថា វិធានទាំងនេះនឹងធ្វើឲ្យចុះខ្សោយ នៃការខិតខំជារួមរបស់ ICC ដើម្បីប្រយុទ្ធប្រឆាំងចំពោះភាពឃោរឃៅ ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មឈ្លានពាន៕