(រ៉ង់ហ្គូន)៖ ចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ១,០៥៨ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៦៣នាក់បន្ថែមទៀត ទើបត្រូវបានរាយការណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗនេះ ៤១ករណីជាករណីក្នុងស្រុក និង ២២ករណីទៀតជាករណីនាំចូល ចំណែកករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរាយការណ៍ចេញពីទីក្រុងណៃពិដោ (Nay Pyi Taw), រ៉ង់ហ្គូន (Yangon), បាហ្គោ (Bago), រ៉ាឃីន (Rakhine) និងហ្សាន (Shan)។
គួរជម្រាបថា បច្ចុប្បន្ននេះនៅមានអ្នកជំងឺ COVID-19 សរុប ៦៩៣នាក់ទៀត ដែលកំពុងសម្រាកព្យាបាលបន្ត នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអ្នកជំងឺ ៣៥៩នាក់ផ្សេងទៀតត្រូវបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ០៦នាក់បានស្លាប់ ដោយសារជំងឺឆ្លងរាតត្បាតសកលនេះ។
រហូតមកទល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ១៦៤,២៦៦នាក់ ក្នុងនោះមនុស្សចំនួន ៧,៦៨៥នាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕