(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បាននិយាយ នៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា អាល្លឺម៉ង់នឹងមិនចាំបាច់ ក្នុងការចាត់វិធានការ បិទខ្ទប់ប្រទេសជាថ្មីម្តងទៀត ដើម្បីអាចគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 ឡើយ បើទោះបីជាសន្ទុះនៃករណីឆ្លងថ្មី ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានការកើនឡើងខ្លាំង ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
តាំងពីដំបូងមក អាល្លឺម៉ង់ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលអាចរក្សាអត្រាអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ក្នុងមួយកម្រិតដែលទាប បើធៀបនឹងបណ្តាប្រទេស អឺរ៉ុបជិតខាង។ ប៉ុន្តែ ការកើនឡើងយ៉ាងគំហុកនៃចំនួនករណីឆ្លងថ្មី ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ វាបានធ្វើឲ្យគេព្រួយបារម្ភថា ប្រទេសអឺរ៉ុបមួយនេះអាចនឹងប្រឈមនឹង ការឆ្លងរលកទី២។
ទោះបីជា ករណីឆ្លងថ្មីមានសន្ទុះកើនខ្លាំងបែបនេះក្ដី ក៏អាល្លឺម៉ង់ នឹងមិនចាត់វិធានការបិទខ្ទប់ប្រទេសជាលើកទី២ នៅរដូវរងារនេះដែរ។ នេះបើយោងតាមសម្តីរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា អ្នកជំនាញ និងនយោបាយ បាននិងកំពុងសិក្សាបន្ថែមពីវីរុសនេះ ជារៀងរាល់ថ្ងៃ ខណៈការចាត់វិធានការបិទខ្ទប់ប្រទេសកាលពីខែមីនាកន្លងទៅ គឺជារឿងត្រឹមត្រូវ ដើម្បីការពារអ្នកងាយរងគ្រោះ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន គឺមិនចាំបាច់ទេ។
«យើងប្រាកដជានឹងមិនចាំបាច់ចាត់វិធានការនេះ ម្តងទៀតទេ។ ដ្បិតថា អាជ្ញាធរក្នុងតំបន់អាចគ្រប់គ្រងស្ថានការណ៍បាន។ យើងនឹងអាចទទួលរដូវស្លឹកឈើជ្រុះ និងរដូវរងារ ដោយក្តីជឿជាក់»។ នេះជាការលើកឡើងរបស់លោក Spahn នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃពុធនេះ។
គួរជម្រាបថា ក្នុងរបាយការណ៍ នៅថ្ងៃពុធនេះ អាល្លឺម៉ង់រកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនជាង ១,២០០នាក់បន្ថែម ដែលនាំឲ្យចំនួនករណីឆ្លងសរុប នាពេលបច្ចុប្បន្នមានជាង ២៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ៩,៣០០នាក់ និងជាសះស្បើយជាង ២២ម៉ឺននាក់៕