(បាងកក)៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pridi Daochai បានលាលែងពីតំណែងហើយ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានបំពេញការងារបានតែ២០ថ្ងៃប៉ុណ្ណោះ។ នេះបើយោង តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
ការសែត Royal Gazette ដែលបានចេញផ្សាយដំណឹងនេះមុនគេ បានគូសបញ្ជាក់ថា ការលាលែងពីតំណែងរបស់លោក Bridi ពីតំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងចូលជាធរមាន នៅថ្ងៃពុធ ទី០២ ខែកញ្ញាស្អែកនេះតែម្តង។
អ្នកជំនាញខាងធនាគាជើងចាស់រូបនេះ បានឡើងមកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីថ្ងៃទី ១៣ ខែសីហាកន្លងទៅនេះ។ ក្នុងលិខិតលាលែង លោក Pridi ដែលមានវ័យ ៦១ឆ្នាំរូបនេះ បានលើកឡើងពីមូលហេតុ នៃការសុំលាលែងពីតំណែងនេះថា ដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដោយឡែក អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Santi Phromphat ទំនងជានឹងបំពេញតួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុស្តីទី រហូតដល់នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា តែងតាំងមនុស្សម្នាក់ផ្សេងទៀតដើម្បីជំនួសរូបលោក។
គួរជម្រាបថា ការសុំលាលែងតំណែងរបស់លោក Pridi Daochai កើតឡើងចំពេលប្រទេសថៃកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែ COVID-19៕