(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រោះអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ថា ខាល់ហ្វាយអឺ (Cal Fire) បានរំពឹងថា ភ្លើងឆេះព្រៃដ៏ធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានឈ្មោះសម្គាល់ SCU Complex នឹងអាចគ្រប់គ្រងបានទាំងស្រុងនៅក្នុងសប្តាហ៍នេះ។
២៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសថា វិធានការរឹតត្បិតមួយផ្នែកនៅក្នុង និងតំបន់បរិវេណជុំវិញរដ្ឋធានីម៉ានីល (Metro Manila) នឹងត្រូវបានបន្តសុពលភាពរយៈពេលមួយខែទៀត ដោយចាប់ផ្ដើមនៅថ្ងៃទី០១ ខែកញ្ញានេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលនៅតែបន្តស្ថិតនៅក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភនៅឡើយ។
៣៖ គិតរហូតមកទល់ពេលនេះ យានស្រាវជ្រាវឈ្មោះ ឆាងអឺ-៤ (Chang'e-4) របស់ប្រទេសចិន បានបន្តស្ថិតនៅតំបន់មួយចំហៀងទៀតរបស់ព្រះច័ន្ទ (Far Side ឬ Dark Side) អស់រយៈពេលលើសពី ៦០០ថ្ងៃហើយ (ពេលវេលាលើផែនដី) ដើម្បីធ្វើការសិក្សាស្រាវជ្រាវផ្សេងៗ។
៤៖ ព្រះចៅ សាល់ម៉ាន ប៊ិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ (Salman bin Abdulaziz Al Saud) នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបណ្ដេញសែរាជវង្សពីរអង្គចេញពីតំណែង ដោយសារតែការប្រព្រឹត្តអំពើពុករលួយ។
៥៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថាកំពុងញុះញង់ឱ្យមានអំពើហិង្សា បន្ទាប់ពីភាពចលាចល លាយឡំជាមួយអំពើហិង្សា បានផ្ទុះឡើងជាថ្មី ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។
៦៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារនេះបានបង្ហាញថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៣,៦៩១,១៦៦ករណីហើយ៕