(ប៉េកាំង)៖ នាដើមសប្តាហ៍នេះសារព័ត៌មានដ៏ល្បីរបស់អាមេរិក The Washington Post បានហៅរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថាជា «រដ្ឋមន្រ្តីការបរទេសអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តអាមេរិក»។ នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។
សារព័ត៌មាន The Washington Post បានលើកឡើងថា ប្រមុខការទូតអាមេរិករូបនេះ បានបរាជ័យក្នុងការចាត់ចែងមន្ត្រី ដើម្បីកាន់តំណែងជាន់ខ្ពស់ជាច្រើន នៅក្នុងក្រសួងការបរទេស ហើយអ្វីបន្ថែមទៀតនោះ គឺអ្នកការទូតជំនាញរាប់រយនាក់ បានដើរចេញ ឬមួយក៍ត្រូវបានរុកគួន រហូតដល់ពួកគេខ្ទាតចេញពីក្រសួងតែម្តង ដោយសារតែការបោសសម្អាតផ្នែកនយោបាយ។
សារព័ត៌មានអាមេរិកខាងលើបានបន្តថា យោងតាមការស្ទង់មតិកាលពីចន្លោះឆ្នាំ២០១៦-២០១៩ ប្រជាជនអាមេរិកជាច្រើនបាត់បង់ជំនឿចិត្ត ចំពោះថ្នាក់ដឹកនាំក្រសួងការបរទេសអាមេរិក កាន់តែខ្លាំងឡើងៗ។
គួរជម្រាបថា បើតាម The Washington Post មូលហេតុដែលនាំឲ្យកើតមានបញ្ហាខាងលើនេះ គឺប្រហែលជាមកពីទង្វើខុសឆ្គងជាច្រើន នាពេលកន្លងមករបស់លោក Pompeo រួមមានការប្រឆាំងអំណាចសភាជាតិ ការប្រើជំនួយការខ្លួន ឲ្យទៅបំពេញកិច្ចការឯកជនរបស់គ្រួសារ និងខ្លួនលោកផ្ទាល់ ក៏ដូចជាការបណ្តេញ មន្រ្តីស៉ើបអង្កេតរបស់ក្រសួងការបរទេស ដែលស៉ើបអង្កេតលើសកម្មភាពរបស់លោក Pompeo ជាដើម៕